នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានព្រមានកាលពីថ្ងៃពុធ ១៣ ឧសភា សប្ដាហ៍នេះថា ការប្រកួតប្រជែងតំណែងមេដឹកនាំប្រឆាំងនឹងរូបលោកនឹងធ្វើឱ្យគណបក្សការងារធ្លាក់ចូលក្នុងភាពវឹកវរ ខណៈការរំពឹងទុកបានកើនឡើងលើវិធានការដែលអាចកើតមានដើម្បីជំនួសតំណែងលោក បន្ទាប់ពីលទ្ធផលបោះឆ្នោតក្នុងតំបន់មិនល្អសម្រាប់គណបក្សនេះ។

ថ្លែងស្របពេលភាពចលាចលកាន់តែខ្លាំងឡើងនៅក្នុងគណបក្សការងារ លោក Starmer បានជំរុញ ក្រុមរដ្ឋមន្ត្រីកុំធ្វើឱ្យគណបក្សមានអស្ថិរភាពបន្ថែមទៀត។ សារព័ត៌មាន Sky News បានដកស្រង់សម្ដីរបស់លោក Keir Starmer ថា ការប្រកួតប្រជែងតំណែងមេដឹកនាំនៅថ្ងៃព្រហស្បតិ៍នេះនឹងបង្កភាពចលាចល១០០ ភាគរយ។

ការព្រមាននេះបានកើតឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសខាងលើ បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wes Streeting កំពុងពិចារណាលាលែងពីតំណែង និងចាប់ផ្តើមការប្រកួតប្រជែងតំណែងមេដឹកនាំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលមានន័យថាលោកនឹងត្រូវការការគាំទ្រពីសមាជិកសភាបក្សការងារចំនួន៨១ រូប រួមទាំងបេក្ខជនផងដែរ។
លោក Streeting ត្រូវបានគេមើលឃើញដើរចូលទៅក្នុងវិមាននាយករដ្ឋមន្ត្រី 10 Downing Street កាលពីព្រឹកថ្ងៃពុធ មុនពេលបើកសភា ទោះបីជាលោកបានចាកចេញតិចជាង២០ នាទីក្រោយមកក៏ដោយ។
សម្ពាធលើលោក Starmer បានកើនឡើងចាប់តាំងពីការបង្ហាញដ៏ខកចិត្តរបស់គណបក្សការងារក្នុងការបោះឆ្នោតក្នុងតំបន់កាលពីសប្តាហ៍មុន។ រដ្ឋមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាច្រើនរូបបានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ខណៈរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីមួយចំនួនបានបញ្ជាក់ជាសាធារណៈនូវការគាំទ្ររបស់ពួកគេចំពោះលោកនាយករដ្ឋមន្ត្រីរូបនេះ៕
