លោកប្រធានាធិបតីចិន Xi Jinping បានសាទរចំពោះការចរចាពាណិជ្ជកម្មវិជ្ជមានជាមួយសហរដ្ឋអាមេរិក នៅដើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃជាមួយប្រធានាធិបតី Donald Trump នៅទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ ដោយនឹងមានការពិភាក្សាអំពីសង្គ្រាមអ៊ីរ៉ង់ និងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ផងដែរ។

ដោយប្រជាប្រិយ៍របស់លោកត្រូវបានធ្លាក់ចុះ ដោយសារការជាប់ពាក់ព័ន្ធរបស់លោកនៅមជ្ឈិមបូព៌ា ដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិន ជាលើកដំបូងដោយប្រធានាធិបតីអាមេរិកទៅកាន់គូប្រជែងយុទ្ធសាស្ត្រសំខាន់របស់អាមេរិក ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនៅទីនោះក្នុងឆ្នាំ ២០១៧ បានក្លាយជាជំនួបកាន់តែមានសារៈសំខាន់បន្ថែមទៀត។

បន្ទាប់ពីមេដឹកនាំចិនបានទទួលស្វាគមន៍រូបលោកដ៏កក់ក្ដៅ នៅឯមហាសាលប្រជាជនដ៏ធំរបស់ទីក្រុងប៉េកាំង ដែលមានកងកិត្តិយស និងហ្វូងកុមារគ្រវីផ្កា និងទង់ជាតិសហរដ្ឋអាមេរិក និងចិនយ៉ាងរំភើប លោក Trump បានប្រាប់លោក Xi ថា អ្នកគឺជាមេដឹកនាំដ៏អស្ចារ្យ ពេលខ្លះ មានគេមិនចូលចិត្តលោកនិយាយបែបនេះទេ តែរូបលោកនិយាយបែបនេះ គ្រប់ទីកន្លែង។
លោក Trump បាននិយាយថា មានអ្នកដែលនិយាយថា នេះអាចជាកិច្ចប្រជុំកំពូលដ៏ធំបំផុតមិនធ្លាប់មាន។ លោកបានបន្ថែមថា នេះជាកិត្តិយសមួយដែលបាននៅជាមួយអ្នក។ វាជាកិត្តិយសមួយដែលបានធ្វើជាមិត្តរបស់អ្នក ហើយទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នឹងកាន់តែប្រសើរឡើងជាងពេលណាៗទាំងអស់។

លោក Xi បានបើកកិច្ចប្រជុំកំពូលដោយប្រាប់លោកTrump ថា ទំនាក់ទំនងចិន-សហរដ្ឋអាមេរិកដែលមានស្ថិរភាពផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។ នៅពេលដែលពួកលោកសហការគ្នា ភាគីទាំងពីរទទួលបានអត្ថប្រយោជន៍។ នៅពេលដែលពួកលោកប្រឈមដាក់គ្នា ភាគីទាំងពីរក៏ខាតបង់ដែរ៕