នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងបេរូត បានអំពាវនាវឲ្យបញ្ចប់ជម្លោះរវាងលីបង់ និងអ៊ីស្រាអែល មុនជំនួបជុំទី ៣ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ និងនៅថ្ងៃសុក្រស្អែកនេះ ។
លោក Nabil Osseili គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងបេរូត និយាយថា បទឈប់បាញ់ត្រូវតែជាបទឈប់បាញ់គ្រប់ជ្រុងជ្រោយ ហើយអ៊ីស្រាអែលត្រូវតែដកទ័ពចេញពីតំបន់ព្រំដែន ដល់ពេលនោះត្រូវមានសន្ធិសញ្ញាសន្តិភាព ឬកិច្ចព្រមព្រៀងឈប់បាញ់ ។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើរថយន្តជាច្រើនគ្រឿងនៅក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ ស្របពេលដែលជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតែបន្ត នៅថ្ងៃមុនកិច្ចប្រជុំសម្របសម្រួលដោយសហរដ្ឋអាមេរិក ។
ក្រុមហេសបូឡា និងអ៊ីស្រាអែល នៅតែតែបន្តបើកការវាយប្រហារលើគ្នាទៅវិញទៅមក បើទោះបីជាមានបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិកក៏ដោយដែលត្រូវបានប្រកាសកាលពីខែមុន ជាពិសេសអរិភាពផ្តោតសំខាន់លើតំបន់ភាគខាងត្បូងលីបង់ ជាទីដែលកងកម្លាំងអ៊ីស្រាអែល កំពុងកាន់កាប់តំបន់សន្តិសុខប្រកាសដោយខ្លួនឯង ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tommy Pigott និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៨ ខែឧសភាកន្លងទៅថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងសម្របសម្រួលកិច្ចប្រជុំរយៈពេល ២ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ។ កិច្ចប្រជុំនេះ មានបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាព និងសន្តិសុខគ្រប់ជ្រុងជ្រោយ ៕

