នាថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានកិច្ចប្រជុំកំពូលអាមេរិក-ចិន នៅទីក្រុងប៉េកាំង សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានយល់ស្របជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ថា ច្រកសមុទ្រ Hormuz ត្រូវតែបន្តបើកចំហដដែល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ NBC News បានឲ្យដឹងថា សេតវិមានបានចែករំលែកសេចក្តីថ្លែងការណ៍ អំពីកិច្ចពិភាក្សា រវាងលោក Trump និងលោក ស៊ី ដោយមិនបានលើកឡើងពីបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ហើយសំដៅយ៉ាងទូលំទូលាយទៅលើសង្គ្រាមអ៊ីរ៉ង់ និងច្រកសមុទ្រ Hormuz។

មន្ត្រីសេតវិមានមួយរូបបាននិយាយថា៖ «លោកប្រធានាធិបតី Trump បានមាននូវជំនួបដ៏ល្អជាមួយលោកប្រធានាធិបតី ស៊ី របស់ប្រទេសចិន»។ មន្ត្រីរូបនេះបានបន្ថែមថា៖ «ភាគីទាំងពីរបានពិភាក្សា អំពីវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសយើងទាំង២ ក្នុងនោះរួមមានទាំងការពង្រីកការចូលទីផ្សារ សម្រាប់ក្រុមហ៊ុនអាមេរិកចូល នៅក្នុងប្រទេសចិន និងការបង្កើនការវិនិយោគរបស់ចិន នៅក្នុងឧស្សាហកម្មរបស់យើង។ ថ្នាក់ដឹកនាំមកពីក្រុមហ៊ុនធំៗជាច្រើនរបស់សហរដ្ឋអាមេរិកបានចូលរួមជាផ្នែកមួយនៃកិច្ចប្រជុំ»
ជាមួយគ្នានេះ មន្ត្រីសេតវិមានរូបនេះបានបន្ថែមថា៖ «ភាគីទាំង២ បានឯកភាពគ្នាថា ច្រកសមុទ្រ Hormuz ត្រូវតែបន្តបើកចំហដដែល ដើម្បីគាំទ្រដល់លំហូរថាមពលដោយសេរី។ លោកប្រធានាធិបតី ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការជំទាស់របស់ចិន ចំពោះការធ្វើយោធាភាវូបនីយកម្ម នៅច្រកសមុទ្រនេះ និងកិច្ចប្រឹងប្រែងណាមួយ ដើម្បីយកថ្លៃសេវា សម្រាប់ការប្រើប្រាស់របស់ផ្លូវនេះ ហើយលោកបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញប្រេងអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ចិនលើច្រកសមុទ្រនេះ នាពេលអនាគត»។
ជាងនេះទៀត មន្ត្រីរូបនេះក៏បានកត់សម្គាល់ផងដែរថា «ប្រទេសទាំង២ បានឯកភាពគ្នាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរទេ»៕
