ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃព្រហស្បតិ៍នេះថា មាននូវឱកាសមួយ ដើម្បីបង្កើតអនាគតអស្ចារ្យជាងមុននៃវិបុលភាព កិច្ចសហប្រតិបត្តិការ និងសុភមង្គល ជាមួយចិន អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ។
លោក Trump កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃទៅកាន់ចិន ចាប់ពីថ្ងៃទី ១៣ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល ៩ឆ្នាំ ។
ដំណើរទស្សនកិច្ចនេះ បានកើតមាន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ព្យាយាមគ្រប់គ្រងជម្លោះ ចាប់ពីបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់បញ្ហាកោះតៃវ៉ាន់ និងបញ្ហាសន្តិសុខ ។
អំឡុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានាធិបតីចិនលោក Xi Jinping លោក Trumpនិយាយថា ពលរដ្ឋអាមេរិក និងចិន រួមចំណែកគ្នាច្រើន ។ ពួកយើងឲ្យតម្លៃការខិតខំប្រឹងប្រែង ពួកយើងឲ្យតម្លៃសេចក្តីក្លាហាន ហើយនិងសមិទ្ធិផល ។ ពួកយើងស្រលាញ់គ្រួសារពួកយើង ហើយពួកយើងស្រលាញ់ប្រទេសជាតិរបស់ពួកយើង ។
លោកបន្តថា ពួកយើងមាននូវការសន្ទនាគារប្រកបដោយផលិតភាព និងវិជ្ជមានខ្លាំងបំផុត ហើយនិងជំនួបថ្ងៃនេះជាមួយគណៈប្រតិភូចិននៅមុននេះ ហើយនៅថ្ងៃល្ងាចនេះ គឺជាឱកាសដ៏មានតម្លៃមួយទៀត ដើម្បីពិភាក្សានៅក្នុងចំណោមមិត្ត ពីរឿងមួយចំនួនដែលពួកយើងបានពិភាក្សាគ្នានៅថ្ងៃនេះ ល្អទាំងអស់សម្រាប់សហរដ្ឋអាមេរិក និងចិន ហើយវាជាកិត្តិយសខ្លាំងណាស់បានជួបអ្នករាល់គ្នា ។
អំឡុងសន្ទរកថានេះ លោក Trump បានអញ្ជើញលោក Xiផងដែរ ទៅកាន់សេតវិមាន សម្រាប់ដំណើរទស្សនកិច្ចនាថ្ងៃទី ២៤ ខែកញ្ញា ៕