ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាអំពីសង្គ្រាមអ៊ីរ៉ង់ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ខណៈដែលការវាយប្រហារថ្មីៗលើនាវា នៅជិតច្រកសមុទ្រ Hormuz បានរំលឹកអំពីការខាតបង់ដោយសារការជាប់គាំងយូរអង្វែង ដោយការចរចាសន្តិភាពមិនមានវឌ្ឈនភាពសោះឡើយ។
បន្ទាប់ពីលោក Trump និងលោក Xi បានជួបពិភាក្សាគ្នា មន្ត្រីសេតវិមានម្នាក់ បាននិយាយថា មេដឹកនាំបានឯកភាពគ្នាថា ច្រកសមុទ្រនេះគួរតែបន្តបើកចំហដដែល ហើយអ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរឡើយ។ ចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ និងជាអ្នកទិញប្រេងសំខាន់របស់ប្រទេសនេះ។
អ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រ Hormuz មិនឲ្យនាវាឆ្លងកាត់ឡើយ ក្រៅពីនាវារបស់ខ្លួន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក កាលពី ២ខែកន្លះមុន ដែលបណ្តាលឲ្យមានការរំខានដ៏ធំបំផុតមិនធ្លាប់មានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ សហរដ្ឋអាមេរិក បានផ្អាកការទម្លាក់គ្រាប់បែកកាលពីខែមុន ប៉ុន្តែបានបន្ថែមការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់។
នៅក្នុងឧប្បត្តិហេតុចុងក្រោយបំផុតនៅលើផ្លូវពាណិជ្ជកម្មនេះ ប្រទេសឥណ្ឌាបានឲ្យដឹងថា នាវាមួយគ្រឿងរបស់ខ្លួន ត្រូវបានវាយប្រហារនៅឯឆ្នេរសមុទ្រអូម៉ង់។ ទីក្រុងញូវដេលីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗឡើយ ប៉ុន្តែបានបញ្ជាក់ថា នាវិកទាំងអស់មានសុវត្ថិភាព។
ដោយឡែកទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស UKMTO បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា «បុគ្គលិកដែលគ្មានការអនុញ្ញាត» បានឡើងលើនាវាមួយគ្រឿងដែលចតនៅឆ្នេរសមុទ្រនៃកំពង់ផែ Fujairah របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយកំពុងបើកវាឆ្ពោះទៅកាន់អ៊ីរ៉ង់៕