អំឡុងសង្រ្គាមឆ្នាំ ១៩៤៨ លោក Mustafa Al-Jazzar គឺជាជនប៉ាឡេស្ទីនមួយរូប បានរត់ភៀសខ្លួនចេញពីភូមិ Yibna របស់លោក ដែលឥឡូវគឺជាភូមិ Yibna ស្ថិតក្នុងប្រទេសអ៊ីស្រាអែល ។ បច្ចុប្បន្នរូបលោករស់នៅក្នុងសំពត់តង់ក្នុងតំបន់ហ្កាហ្សា ។
លោកតាវ័យ ៨៣ឆ្នាំរូបនេះ និយាយថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឲ្យរូបលោកនឹកឃើញដល់សង្រ្គាម Nakba ឬគ្រោះមហន្តរាយ ពេលដែលមនុស្សរាប់ម៉ឺនរាប់សែននាក់ ត្រូវបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងសង្រ្គាមចាប់ផ្តើមកំណើតរដ្ឋអ៊ីស្រាអែល ។
ស្របពេលដែលជនប៉ាឡេស្ទីនរំឭកខួបលើកទី ៧៨នៃសង្រ្គាម Nakba ក្នុងសប្តាហ៍នេះ លោក Al-Jazzar និយាយថា រឿងរ៉ាវតែមួយក្នុងឆ្នាំ ១៩៤៨ បានកើតឡើងក្នុងឆ្នាំ ២០២៣ ។ ពួកយើងទុកចោលអ្វីៗដែលពួកយើងមានទាំងអស់ ពួកយើងចាកចេញទៅដោយដៃទទេរ ដោយគ្មានអ្វីជាប់ខ្លួននោះឡើយ ។
អំឡុងសង្រ្គាមបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លោក Al-Jazzar បានជម្លៀសខ្លួនម្តងទៀត ចេញពីទីក្រុង Rafah ទៅកាន់ជម្រកសំពត់តង់នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Al-Jazzar និយាយថា ស្ថានភាពបច្ចុប្បន្ននៅដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ពិបាកជាងមុន ១លានដង ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៧២.៥០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមហ្កាហ្សា ចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ ខណៈការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្ស ១.២០០នាក់ ។
កិច្ចព្រមព្រៀងបទឈប់បាញ់ បានឈានដល់កាលពីខែតុលា ឆ្នាំមុន ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ក្រោយសង្រ្គាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ៕