គណៈវិនិច្ឆ័យនៃតុលាការសហព័ន្ធអាមេរិក បានផ្តល់សំណងចំនួន ៤៩,៥ លានដុល្លារ ដល់គ្រួសាររបស់បុគ្គលិកអង្គការមិនស្វែងរកប្រាក់ចំណេញសកលអាយុ ២៤ឆ្នាំ ម្នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះ Boeing 737 Max ឆ្នាំ ២០១៩ នៅប្រទេសអេត្យូពី ខណៈពេលកំពុងធ្វើដំណើរទៅបំពេញការងារសំខាន់ដំបូងរបស់ខ្លួន។
សាលក្រមដែលបានសម្រេចកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់ក្តីនៅតុលាការសហព័ន្ធនៅទីក្រុងឈីកាហ្គោ បានដោះស្រាយបណ្តឹងមួយ ក្នុងចំណោមបណ្តឹងចុងក្រោយដែលនៅសេសសល់ទាក់ទងនឹងគ្រោះមហន្តរាយដែលបានសម្លាប់មនុស្សទាំង ១៥៧នាក់ នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អេត្យូពីជើងហោះហើរ ៣០២។
នាង Samya Stumo ដែលធំដឹងក្តីនៅទីក្រុង Sheffield រដ្ឋ Massachusetts បានចូលរួមជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ជានិស្សិតបញ្ចប់ការសិក្សានៅឆ្នាំ ២០១៥ ពីសាកលវិទ្យាល័យ Massachusetts Amherst នាង Samya Stumo បានធ្វើដំណើរទៅកាន់ប្រទេសអ៊ូហ្គង់ដាសម្រាប់គម្រោងធំដំបូងរបស់នាង ជាមួយអង្គការនេះ នៅពេលដែលយន្តហោះបានធ្លាក់ រយៈពេលប៉ុន្មាននាទី បន្ទាប់ពីហោះឡើងពីទីក្រុងអាឌីស អាបេបា ( Addis Ababa) នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩៕


