កងទ័ព និងសាក្សីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពម៉ាលីបានធ្វើការវាយប្រហារតាមអាកាសពេញមួយយប់ទៅលើទីក្រុង Kidal ភាគខាងជើង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបំបែកខ្លួន Tuareg និងសម្ព័ន្ធមិត្តជីហាដរបស់ពួកគេ ចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំកាលពីខែមុន។

មន្ត្រីម្នាក់នៅប៉ុស្តិ៍បញ្ជាការផ្លូវការរបស់កងទ័ព នៅក្នុងទីក្រុង Mopti បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងកំពុងកំណត់គោលដៅជាក់លាក់។ យើងមានយុទ្ធសាស្ត្ររបស់យើង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ការវាយប្រហារ នឹងកាន់តែខ្លាំងឡើង»។
សាក្សីម្នាក់នៅទីក្រុង Kidal បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា៖«យ៉ាងហោចណាស់មានការវាយប្រហារតាមអាកាសចំនួន ៤ដង នៅពេលយប់ ហើយបានបង្កការខូចខាត»។
សាក្សីនេះបាននិយាយទៀតថា ផ្ទះមួយខ្នងនៅជិតផ្សារចាស់មួយ ត្រូវបានបំផ្លាញ ហើយការវាយប្រហារតាមអាកាសមួយទៀត បានបន្សល់ទុករណ្ដៅមួយ នៅក្នុងទីធ្លាដ៏ធំទូលាយនៃការិយាល័យអភិបាលក្រុង Kidal៕
