នៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីការពារសន្តិសុខថាមពលសកល និងរក្សាស្ថិរភាពខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទាប់ពីមាននូវកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង។
ជាការឆ្លើយតបទៅនឹងសំណួរអំពីថា តើប្រទេសចិនបានយល់ព្រមទិញប្រេងរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលដែរ ឬអត់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា អាទិភាពបន្ទាន់ នៅតែជាការស្តារសន្តិភាព និងស្ថិរភាពឡើងវិញ នៅក្នុងឈូងសមុទ្រ និងតំបន់មជ្ឈិមបូព៌ា។
លោក Guo បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីរួមគ្នាការពារសន្តិសុខថាមពលសកល និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់»។
ហើយនៅពេលត្រូវបានសួរថា តើកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) ត្រូវបានពិភាក្សាក្នុងអំឡុងជំនួបកំពូលនេះដែរ ឬទេ លោក Guo បាននិយាយថា ប្រទេសចិនគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ដីពី AI និងលើកកម្ពស់វិធីសាស្រ្ត «ប្រកបដោយភាពបើកចំហ និងបរិយាបន្ន» ចំពោះការអភិវឌ្ឍបច្ចេកវិទ្យា។
ដោយឡែកពាក់ព័ន្ធនឹងសំណួរទាក់ទងនឹងការគ្រប់គ្រងការនាំចេញបន្ទះអេឡិចត្រូនិក និងការផ្គត់ផ្គង់រ៉ែកម្ររបស់សហរដ្ឋអាមេរិក លោក Guo បានបញ្ជាក់ជាថ្មី អំពីជំហរយូរអង្វែងរបស់ទីក្រុងប៉េកាំង និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការរក្សាស្ថិរភាព និងសន្តិសុខនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ការកត់សម្គាល់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Xi និងលោក Trump បានធ្វើកិច្ចពិភាក្សាយ៉ាងទូលំទូលាយ នៅទីក្រុងប៉េកាំង ដោយផ្តោតលើពាណិជ្ជកម្ម ស្ថិរភាពយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងបញ្ហាសន្តិសុខ ក្នុងតំបន់៕