នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង បានសម្តែងអារម្មណ៍សុទិដ្ឋិនិយមរបស់ពួកគេ ក្រោយប្រធានាធិបតីចិនលោក Xi Jinping បានកោតសរសើរចំណងមិត្តភាពថ្មីជាមួយសហរដ្ឋអាមេរិក ដែលមើលឃើញពីកិច្ចសហប្រតិបត្តិការជាមួយការប្រកួតប្រជែតមានកម្រិត បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង និយាយថា ភាពតានតឹងរវាងប្រទេសទាំង ២ មានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពួកគេសង្ឃឹមថា ជំនួបនេះ គឺជាការចំណុចចាប់ផ្តើមដ៏ល្អមួយ ។
អ្នកស្រី Han Jingyi គឺជាអ្នកស្រុកវ័យ ៣០ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងប៉េកាំង និយាយថា អ្នកស្រីមានជំនឿថា នេះគឺជាការចាប់ផ្តើមចំណុចផ្លាស់ប្តូរមួយនៅក្នុងទំនាក់ទំនិងចិន-សហរដ្ឋអាមេរិក ។
គួរឲ្យដឹងថា លោក Trump បាននិយាយថា រូបលោកបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ ជាមួយលោក Xi ខណៈមេដឹកនាំទាំង ២បានជួបគ្នានៅថ្ងៃសុក្រនេះ ក្នុងកិច្ចប្រជុំចុងក្រោយនៃជំនួបកំពូលដ៏ធំរបស់ពួកគេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដោយស្វែងរកការចុះកិច្ចព្រមព្រៀងក្នុងវិស័យនានា រួមទាំងកសិកម្ម អាកាសចរណ៍ និងបញ្ញាសិប្បនិម្មិត ក៏ដូចជាដើម្បីទប់ស្កាត់ការខ្វែងគំនិតគ្នារវាងភាគីទាំង ២ នៅក្នុងតំបន់ភូមិសាស្ត្រយុទ្ធសាស្ត្រដ៏តានតឹងមួយចំនួន ជាពិសេសសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ៕