ប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា លោកនឹងថ្លឹងថ្លែងមើលពីការដកចេញទណ្ឌកម្មពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់ ហើយនិងធ្វើការសម្រេចចិត្តក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោក Trump បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពេលរូបលោកវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំង ។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានចាកចេញពីប្រទេសចិននៅថ្ងៃសុក្រនេះ ដោយគ្មានការទម្លុះភាពទាល់ច្រកសំខាន់ៗនោះទេ លើបញ្ហាពាណិជ្ជកម្ម ឬជំនួយរូបីពីទីក្រុងប៉េកាំង ដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ បើទោះបីជារយៈពេល ២ថ្ងៃនៃជំនួបរបស់លោក លោកបានកោតសរសើរម្ចាស់ផ្ទះ លោក Xi Jinping ក៏ដោយ ។
កាលពីពេលកន្លងទៅ សហដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចម្រាញ់ប្រេងជាច្រើនរបស់ចិន សម្រាប់ការទិញប្រេងអ៊ីរ៉ង់ រួមទំាងក្រុមហ៊ុន Hengli Petrochemical ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងឯកជនធំបំផុតរបស់ចិន ហើយនិងជានិមិត្តរូបនៃកិច្ចខិតខំរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើទំនើបកម្ម និងធ្វើឲ្យល្អប្រសើរឡើងឧស្សាហកម្មមួយនេះ ។
លោក Trumpនិយាយផងដែរថា លោកគ្មានបញ្ហានោះទេជាមួយអ៊ីរ៉ង់ រឿងផ្អាកម្មវិធីនុយក្លេអ៊ែររបស់ពួកគេរយៈពេល ២០ឆ្នាំ ប៉ុន្តែវាត្រូវតែមានការប្តេជ្ញាចិត្តពិតប្រាកដពីទីក្រុងតេអេរ៉ង់ ៕