ការខកចិត្តកំពុងកើនឡើងនៅក្នុងប្រទេសគុយបា ខណៈប្រជាជនកំពុងរង់ចាំរដ្ឋាភិបាលបង្ហាញផែនការសម្រាប់តម្លៃប្រេងឥន្ធនៈថ្មីដែលអាចប្រែប្រួល។ ប្រទេសគុយបា បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងដាក់ចេញតម្លៃប្រេងឥន្ធនៈថ្មីដែលអាចប្រែប្រួលនៅតាមស្ថានីយប្រេង ចាប់ពីថ្ងៃទី១៥ ខែឧសភា ក្នុងបំណងបបង្ហាញពីតម្លៃជាក់ស្តែងនៃការនាំចូលឧស្ម័ន និងប្រេងម៉ាស៊ូត ក្នុងពេលមានការបិទផ្លូវប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកដែលនៅតែបន្ត។ ប្រជាជនគុយបា បាននិយាយថា ពួកគេមិនទាន់ទទួលបានចម្លើយច្បាស់លាស់ណាមួយនៅឡើយទេ។ វិបត្តិនេះ បានកើតឡើងរយៈពេលជាច្រើនសប្តាហ៍មកហើយ។ ប្រេងឥន្ធនៈស្ទើរតែបាត់បង់ពីស្ថានីយប្រេងគ្រប់គ្រងដោយរដ្ឋនៅទីក្រុងឡាហាវ៉ានក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ ដែលបណ្តាលមកពីការបិទផ្លូវរបស់សហរដ្ឋអាមេរិក ធ្វើឱ្យការផ្គត់ផ្គង់ប្រេងជាប់គាំង និងបង្ខំឱ្យមានការរឹតត្បិតយ៉ាងតឹងរ៉ឹង។
កង្វះនេះ បានធ្វើឱ្យប្រជាជនគុយបាភាគច្រើន មិនអាចប្រើប្រាស់យានយន្តរបស់ពួកគេបានទេ រយៈពេលបួនខែបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធលើប្រទេសណាមួយដែលនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា។
រដ្ឋាភិបាលគុយបា បានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ដោយនិយាយថា មធ្យោបាយមួយចំនួនសម្រាប់ការនាំចូលប្រេងឥន្ធនៈនៅតែបើកចំហ ទោះបីជាមានវិធានការរបស់សហរដ្ឋអាមេរិកក៏ដោយ ហើយតម្លៃប្រេងថ្មីនឹងប្រែប្រួលអាស្រ័យលើអ្នកផ្គត់ផ្គង់ ការចំណាយលើការដឹកជញ្ជូន ផ្លូវ ការធានារ៉ាប់រង និងការប្រែប្រួលទីផ្សារអន្តរជាតិ ដែលធ្វើឱ្យប្រជាជនគុយបាសាមញ្ញជាច្រើន កំពុងត្រៀម សម្រាប់ការចំណាយកាន់តែខ្ពស់នៅពេលខាងមុខ។

