ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ (ទី១៦ ខែឧសភា ឆ្នាំ២០២៦) បានរិះគន់សំណើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក-បារ៉ែន ស្តីពីច្រកសមុទ្រ Hormuz ដោយលើកឡើងថា ខ្លឹមសារ និងពេលវេលាមិនត្រឹមត្រូវ ហើយការអនុម័តវានឹងមិនផ្ដល់ប្រយោជន៍អ្វីទេ។
សេចក្តីព្រាងសេចក្តីសម្រេចនេះទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីន នៅក្នុងច្រកសមុទ្រ ប៉ុន្តែអ្នកការទូតបាននិយាយថា ខ្លួនទំនងជានឹងជួបជាមួយការវេទូពីរុស្ស៊ី និងចិនវេតូមិនខាន ប្រសិនបើការស្នើនោះទៅដល់ ដើម្បីធ្វើការបោះឆ្នោត។ ប្រទេសទាំង២ បានវេតូសេចក្តីសម្រេចស្រដៀងគ្នានេះ ដែលគាំទ្រដោយសហរដ្ឋអាមេរិក កាលពីខែមុន ដោយអះអាងថា វាមានភាពលម្អៀង ប្រឆាំងនឹងអ៊ីរ៉ង់។

គេហទំព័រព័ត៌មាន Pass Blue ដែលផ្តោតលើព័ត៌មានរបស់ UN បានបង្ហោះវីដេអូខ្លីមួយនៃបទសម្ភាសន៍ភ្លាមៗជាមួយលោក Fu Gong បេសកជន UN របស់ប្រទេសចិន ដោយលោកបាននិយាយនៅពេលត្រូវបានសួរអំពីសេចក្តីសម្រេចនេះថា៖ «យើងមិនគិតថាខ្លឹមសារសមស្របនោះទេ ហើយពេលវេលាក៏មិនត្រឹមត្រូវដែរ»។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងត្រូវការគឺជំរុញឲ្យភាគីទាំង២ ចូលរួមក្នុងការចរចាដ៏ប្រាកដប្រជា និងស្មោះត្រង់ដែលអាចដោះស្រាយបញ្ហាបាន។ ដូច្នេះ សម្រាប់ការអនុម័តសេចក្តីសម្រេច នៅដំណាក់កាលនេះ យើងមិនគិតថា វានឹងជួយជាប្រយោជន៍នោះទេ»។
លោក Fu បានបន្ថែមថា ប្រសិនបើប្រទេសចិនមានសិទ្ធិអំណាចសម្រេចគ្រប់គ្រាន់ ក្នុងនាមជាប្រធានបច្ចុប្បន្ននៃក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥រូប សេចក្តីសម្រេចនេះនឹងមិនត្រូវបានលើកយកមក ដើម្បីធ្វើការបោះឆ្នោតឡើយ៕
