អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Electronics Co បានធ្វើដំណើរដ៏កម្រមួយទៅសួរសុខទុក្ខថ្នាក់ដឹកនាំនៃសហជីពកម្មករធំបំផុតរបស់ក្រុមហ៊ុន កាលពីយប់ថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារការចរចាដែលជាប់គាំង ជុំវិញបញ្ហាប្រាក់ឈ្នួល បន្ទាប់ពីការចរចាដែលសម្របសម្រួលដោយរដ្ឋាភិបាលមិនអាចទទួលបានលទ្ធផល នៅដើមសប្តាហ៍នេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះ ៨,៦ភាគរយ អំឡុងការជួញដូរនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៥ ខែឧសភា ដែលបង្ហាញពីការមានក្ដីបារម្ភកាន់តែខ្លាំងឡើងរបស់វិនិយោគិន អំពីកូដកម្មដែលអាចរំខានដល់ប្រតិបត្តិការ នៅក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំជាងគេបំផុតរបស់ពិភពលោកមួយនេះ។ សហជីពបានគំរាមកំហែងថា នឹងធ្វើកូដកម្មរយៈពេល ១៨ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ប្រសិនបើការទាមទាររបស់ខ្លួនមិនត្រូវបានបំពេញតាមទេនោះ។
បើយោងតាមសហជីព បានឲ្យដឹងថា ប្រមុខមន្ត្រីនាយកប្រតិបត្តិ លោក Jun Young-hyun ដែលជាប្រធានអាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុន Samsung រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ ៣នាក់ផ្សេងទៀត បានទៅមើលការិយាល័យសហជីព ក្នុងទីក្រុង Pyeongtaek នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដែលជាទីតាំងដ៏ធំទូលំទូលាយនៃរោងចក្រផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung។

ក្រុមហ៊ុន Samsung បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី១៥ ខែឧសភានោះថា៖ «យើងចាត់ទុកសហជីពកម្មករជាគ្រួសារតែមួយ និងជាសហគមន៍ដែលមានវាសនារួមគ្នា ហើយយើងនឹងចាប់ផ្តើមការសន្ទនាដោយបើកចំហរដោយគ្មានលក្ខខណ្ឌ។ យើងសូមអំពាវនាវយ៉ាងមុតមាំឲ្យសហជីពចូលរួមការសន្ទនាដោយមិនបង្អង់យូរ ដោយគិតគូរដល់កង្វល់របស់សាធារណជន និងសេដ្ឋកិច្ចជាតិ»៕

