សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង បង្ហាញការប្រឆាំងនឹងចំណាត់ការរបស់អ៊ីរ៉ង់ដែលត្រូវបានរាយការណ៍ថា នឹងយកថ្លៃដឹកជញ្ជូនពីនាវាដែលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់ជាយុទ្ធសាស្ត្រ គឺ Hormuz ដោយហៅសកម្មភាពនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ។
បើយោងតាមសារព័ត៌មាន Yonhap News បានឲ្យដឹងថា អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន នៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍ លោក Hwang Jong-woo បាននិយាយថា ផ្លូវទឹកនេះ គឺជាផ្លូវដឹកជញ្ជូនអន្តរជាតិ ដែលការធ្វើនាវាចរណ៍ដោយសេរី ត្រូវតែទទួលបានការធានា។

លោក Hwang បាននិយាយថា «ការគិតថ្លៃដឹកជញ្ជូន នៅច្រកសមុទ្រនេះ គឺស្មើនឹងការបិទផ្លូវទឹកនេះ» ដោយបន្ថែមថា មិនដូចព្រែកជីក Suez ដែលមនុស្សជាអ្នកបង្កើតឡើង ច្រកសមុទ្រ Hormuz មានដែនទឹកអន្តរជាតិដែលត្រូវបានការពារក្រោមកិច្ចព្រមព្រៀងអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក Ebrahim Azizi ប្រធានគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បាននិយាយថា សំណើយុទ្ធសាស្ត្រ ស្តីពី «ការគ្រប់គ្រងឆ្លាតវៃ» លើច្រកសមុទ្រនេះ បានឈានដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន ដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធរបស់សភា សម្រាប់ដំណើរការពិនិត្យ និងអនុម័ត។ លោកបានបន្ថែមថា សំណើនេះមានគោលបំណងប្រើប្រាស់ទីតាំងភូមិសាស្ត្ររបស់អ៊ីរ៉ង់ នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ជា «ការមានប្រៀបបង្កើតឥទ្ធិពល»៕
