វិមានក្រឹមឡាំងបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍ (ទី១៦ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី ១៩-២០ ខែឧសភា តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឲ្យដឹងថា លោក Putin និងលោក Xi នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី វិធីដើម្បីពង្រឹងភាពជាដៃ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង២ ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា មេដឹកនាំទាំង២ ក៏ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីមានកិច្ចពិភាក្សា រួមជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន រវាងរដ្ឋាភិបាល អន្តរក្រសួង និងកិច្ចព្រមព្រៀងផ្សេងៗទៀត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Putin ក៏នឹងជួបផងដែរជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ កើតមានឡើងស្របជាមួយនឹងខួបលើកទី២៥ នៃសន្ធិសញ្ញាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំង២។ លោក Putin និងលោក Xi ក៏នឹងចូលរួមផងដែរ ក្នុងពិធីបើកឆ្នាំសិក្សារុស្ស៊ី-ចិន (២០២៦-២០២៧)៕
