រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright កាលពីថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) បាននិយាយថា ច្រកសមុទ្រ Hormuz ត្រូវបានគេរំពឹងថា នឹងបើកឡើងវិញ «មិនហួសពីរដូវក្តៅនេះ» ទេ ខណៈពេលដែលព្រមានថា យោធាអាមេរិកអាចធ្វើអន្តរាគមន៍ ប្រសិនបើអ៊ីរ៉ង់បន្តរំខានចរាចរណ៍ តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនេះ។

អំឡុងពេលថ្លែងទៅប្រព័ន្ធផ្សព្វផ្សាយ CNBC ពីស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) មួយ ក្នុងទីក្រុង Cameron រដ្ឋ Louisiana លោក Wright បាននិយាយថា កិច្ចព្រមព្រៀងការទូតជាមួយអ៊ីរ៉ង់ អាចលេចចេញជារូបរាង «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ» នេះ ទោះបីជាមានភាពតានតឹងក្ដី ជុំវិញបទឈប់បាញ់ដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប៉ាគីស្ថាន កាលពីថ្ងៃទី៨ ខែមេសា និងក្រោយមកត្រូវបានបន្លាយពេលវេលាបន្ថែមដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Wright បានបញ្ជាក់ថា «ប្រសិនបើអ៊ីរ៉ង់បន្តយកសេដ្ឋកិច្ចពិភពលោកជាចំណាប់ខ្មាំង យោធាអាមេរិកនឹងបង្ខំឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែនេះមិនមែនជារឿងតូចតាចដែលត្រូវធ្វើនោះទេ» ដោយលោកបានបន្ថែមថា ការចរចានៅតែជាជម្រើសប្រសើរជាង។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះបានកើតឡើងនៅពេលដែលសមាគមរថយន្តអាមេរិក (AAA) បានរាយការណ៍ពីតម្លៃសាំងជាតិជាមធ្យមរបស់សហរដ្ឋអាមេរិក គឺ ៤,៥៣ដុល្លារ ក្នុងមួយហ្គាឡុង នៅថ្ងៃសុក្រ ស្របពេលមានការជជែកដេញដោលផ្នែកនយោបាយថ្មី ជុំវិញសំណើរបស់លោក Trump ក្នុងការផ្អាកពន្ធឧស្ម័នសហព័ន្ធ។ លោក Wright ក៏បាននិយាយផងដែរថា ការនាំចេញឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិក កំពុងកើនឡើង ដើម្បីជួយប៉ះប៉ូវការរំខានដល់ការផ្គត់ផ្គង់ ទាក់ទងនឹងវិបត្តិនៅច្រកសមុទ្រ Hormuz៕
