នៅថ្ងៃសៅរ៍ (ទី១៦ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់នៅក្នុងសារមួយផ្ញើទៅទូលសម្តេច ប៉ាប ឡេអូ ទី១៤ (Pope Leo XIV) ថា ទីក្រុងតេអេរ៉ង់ «នៅតែប្តេជ្ញាចិត្ត ចំពោះការទូត និងដំណោះស្រាយដោយសន្តិវិធី»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងទៀតថា ជាមួយគ្នានេះ លោក Pezeshkian ក៏បានបង្ហាញនូវការកោតសរសើរទីក្រុងតេអេរ៉ង់ផងដែរ ចំពោះ «ជំហរប្រកបដោយសីលធម៌ និងសមហេតុសមផល» របស់សម្ដេចសង្ឃកាតូលិក ពាក់ព័ន្ធនឹងការឈ្លានពានដោយយោធាថ្មីៗនេះ លើប្រទេសអ៊ីរ៉ង់។
លើសពីនោះទៀត លោកប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមថា អ៊ីរ៉ង់បានកំណត់គោលដៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល «ក្នុងរង្វង់ក្របខ័ណ្ឌនៃការការពារដោយស្របច្បាប់» ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ «ចាត់វិធានការដោយទទួលខុសត្រូវ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់អាមេរិក»។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារ លើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់ បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz។
បទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ថែមពេលវេលានៃបទឈប់បាញ់ដោយគ្មានកំណត់៕
