នៅថ្ងៃសៅរ៍ (ទី១៦ ខែឧសភា ឆ្នាំ២០២៦) នេះ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មេដឹកនាំយោធារបស់ក្រុមហាម៉ាស លោក Izz ad-Din al-Haddad (Haddad) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីល្ងាចថ្ងៃសុក្រថា លោក Haddad ត្រូវបានកំណត់គោលដៅ។ ប្រភពការពារជាតិជាន់ខ្ពស់ បានប្រាប់សារព័ត៌មាន Walla ថា ការចង្អុលបង្ហាញដំបូង ឲ្យដឹងថា ការប៉ុនប៉ងធ្វើឃាតនេះទទួលបានជោគជ័យ។ តែមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ពី IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)។

កងទ័ពអាកាសបានធ្វើការវាយប្រហារនេះ បន្ទាប់ពីទទួលបានព័ត៌មានពីទីបញ្ជាការភាគខាងត្បូង និងនាយកដ្ឋានស៊ើបការណ៍សម្ងាត់យោធារបស់ IDF ពាក់ព័ន្ធនឹងទីតាំងរបស់លោក Haddad ដែលត្រូវបានកំណត់អត្តសញ្ញាណ បន្ទាប់ពីមានការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់យោធាអស់រយៈពេលជាច្រើនឆ្នាំ។ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា ការយល់ព្រមត្រូវបានផ្តល់ឲ្យ IDF ដោយមន្ត្រីរដ្ឋាភិបាលប្រហែល ១០ថ្ងៃមុនការវាយប្រហារនេះ។
ប្រធានប្រតិបត្តិការរបស់ IDF លោកឧត្តមសេនីយ៍ទោ Itzik Cohen បានណែនាំយោធាឲ្យត្រៀមខ្លួន ទាំងនៅផ្លូវគោក ទឹក និងអាកាស បន្ទាប់ពីមានការវាយប្រហារ។
លោក Haddad គឺជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាស និងជាមេដឹកនាំនៅសល់ចុងក្រោយនៃប្រតិបត្តិការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅតំបន់ហ្កាហ្សាស្ទ្រីប។ លោកគឺជាសមាជិកនៃអង្គភាពយោធារបស់ក្រុមភេរវកម្ម ចាប់តាំងពីការបង្កើតឡើងដំបូងរបស់អង្គការនេះក្នុងឆ្នាំ១៩៨៧៕


