ក្រុមមន្រ្តីជួយសង្រ្គោះ និងក្រុមនគរបាលនិយាយថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ និង មនុស្ស ២៥នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការរថភ្លើងបុករថយន្តក្រុងរដ្ឋ បង្កជាអគ្គិភ័យនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។
ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅជិតស្ថានីយរថភ្លើង Makkasan ស្ថិតនៅកណ្តាលទីក្រុងបាងកក កាលពីរសៀលថ្ងៃសៅរ៍ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់អណ្តាតភ្លើងដែលបានឆាបឆេះរថយន្តក្រុង និងរថយន្តនៅជិតគ្នា ហើយឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានជាប់ពាក់ព័ន្ធជាមួយ រថយន្តក្រុង រថយន្តតូចជាច្រើនគ្រឿង និងទោចចក្រយានយន្តផងដែរ ។
ក្រុមមន្រ្តីនិយាយថា ក្រុមជួយសង្រ្គោះ បានព្យាយាមទាញជនរងគ្រោះរងរបួសចេញពីបំណែករថយន្តក្រុងរងការឆាបឆេះ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើង ។
ក្រុមអាជ្ញាធរនិយាយថា មូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕

