ក្រុមហាម៉ាសនិយាយថា ការសម្លាប់មេដឹកនាំអង្គការរបស់ពួកគេ គឺជាការបំពានដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមកមួយលើបទឈប់បាញ់ ។
យោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានសម្លាប់លោក Izz al-Din al-Haddad នៅក្នុងការវាយប្រហារតាមច្រកអាកាសកាលពីរយៈពេល ១ថ្ងៃមុន គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាស ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ចាប់តាំងពីមានបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងក្រុមជីវពលមួយនេះ និងកងកម្លាំងអ៊ីស្រាអែល ។
លោក Hazem Qassem គឺជាអ្នកនាំពាក្យរបស់ក្រុមហាម៉ាសនិយាយថា នេះបង្ហាញពីអសមត្ថភាពរបស់ក្រុមអ្នកសម្របសម្រួល ដើម្បីដាក់សម្ពាធក្រុមកាន់កាប់ឲ្យអនុវត្តអ្វីដែលបានព្រមព្រៀងគ្នា និងបង្ខំឲ្យពួកគេបញ្ឈប់ការបំពានបទឈប់បាញ់ ។

យោធាអ៊ីស្រាអែលនិយាយថា លោក Haddad ដែលបានក្លាយជាមេបញ្ជាការយោធាក្រុមហាម៉ាសនៅហ្កាហ្សា ក្រោយអ៊ីស្រាអែលសម្លាប់លោក Mohammad Sinwar កាលពីខែឧសភា ឆ្នាំ ២០២៥ គឺជាអ្នកនៅពីក្រោយឃាតកម្ម ការចាប់ពង្រាត់ និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងទាហានរាប់ពាន់នាក់ ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បន្តជាប់គាំងនៅក្នុងកិច្ចប្រជុំដោយប្រយោលរបស់ពួកគេ ដើម្បីជំរុញផែនការក្រោយសង្រ្គាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់តំបន់ហ្កាហ្សា ។
អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេនៅតំបន់ហ្កាហ្សា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ចាប់តាំងពីពួកគេបញ្ឈប់ការទម្លាក់គ្រាប់បែករួមគ្នាជាមួយសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ៕
