លោក Basim Mohammed គឺជារដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកបាននាំចេញប្រេងត្រឹមតែ ១០លានបារ៉ែលប៉ុណ្ណោះ ឆ្លងកាត់ច្រកសមុទ្រ Hormuz អំឡុងខែមេសា ពោលគឺធ្លាក់ចុះពីចំនួនប្រចាំខែ ៩០លានបារ៉ែល កាលពីមុនសង្រ្គាមអ៊ីរ៉ង់ ។
លោកបន្តថា ពួកយើងធ្លាប់នាំចេញប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ចំនួន ៩៣លានបារ៉ែល ក្នុង ១ថ្ងៃ ប៉ុន្តែនៅខែទី ៤ ពួកយើងអាចនាំចេញប្រេងបានត្រឹមប្រហែល ១០លានបារ៉ែលប៉ុណ្ណោះ ។

លោកនិយាយទៀតថា ពួកយើងបានស្វែងរកជម្រើសផ្សេងទៀត ឆ្លងកាត់ផ្លូវភាគខាងជើង ហើយនិងប្តូរទិសដៅប្រេងរបស់ទីក្រុង Basra ទៅកាន់ទីក្រុង Kirkuk វិញ ។ ពួកយើងប្រើប្រាស់ប្រេងរបស់ទីក្រុង Kirkuk ផងដែរ ប្រហែល ២០ម៉ឺនបារ៉ែលក្នុង ១ថ្ងៃ ហើយនិងនាំចេញវាតាមកំពង់ផែ Ceyhan ។
គួរឲ្យដឹងថា ការបិទច្រកសមុទ្រ Hormuz ដោយសារសង្រ្គាមអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញប្រេងពីអារ៉ាប់សាអ៊ូឌីត អារ៉ាប់រួម គូវ៉ែត និងអ៊ីរ៉ាក់ បណ្តាលឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ។ បច្ចុប្បន្ន អ៊ីរ៉ាក់ផលិតប្រេង ១,៤លានបារ៉ែល ក្នុង ១ថ្ងៃ ។
ដោយឡែក ការនាំចេញប្រេងរបស់អ៊ីរ៉ាក់ តាមបំពង់បង្ហូរប្រេង Kirkuk–Ceyhan បានចាប់ផ្តើមឡើងវិញកាលពីខែមីនា ក្រោយទីក្រុងបាកដាដ និងរដ្ឋាភិបាលក្នុងតំបន់របស់ក្រុមឃើដ យល់ព្រមឲ្យចាប់ផ្តើមលំហូរប្រេងឡើងវិញ ៕
