ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថា មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុម ISIS ត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងនីហ្សេរីយ៉ា ។

នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social លោក Trump និយាយថា លោក Abu-Bilal al-Minuki ដែលជាមេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានកម្ចាត់ចោល ។
លោក Trump ដែលកាលពីមុនបានចោទប្រកាន់នីហ្សេរីយ៉ាថា ពុំបានការពារគ្រិស្តសាសនិកពីរដ្ឋអ៊ិស្លាមនោះ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនីហ្សេរីយ៉ា សម្រាប់ដៃគូរបស់ពួកគេ នៅក្នុងប្រតិបត្តិការនេះ ។
ចំណែកឯប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Ahmed Tinubu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xដែរថា ការវាយតម្លៃដំបូងបញ្ជាក់ថា មេបញ្ជាការក្រុម ISIS ត្រូវបានសម្លាប់ជាមួយនឹងអនុសេនីយ៍ឯកជាច្រើនរូបទៀតរបស់លោក អំឡុងការវាយប្រហារលើទីតាំងរបស់លោក ។
លោក Tinubu បន្តថា កងកម្លាំងនីហ្សេរីយ៉ា បានធ្វើការយ៉ាងដិតដល់ជាមួយយោធាសហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការរួមគ្នាដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជួររដ្ឋអ៊ិស្លាម ។
នៅក្នុងវីដេអូចេញដោយទីបញ្ជាការអាហ្វ្រិក-សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ អំណះអំណាងបង្ហាញពីការវាយប្រហារលើក្រុមយុទ្ធជន ISIS នៅប្រទេសនីហ្សេរីយ៉ា រួមទាំងលោក al-Minuki ផងដែរ ។
រដ្ឋ Borno របស់នីហ្សេរីយ៉ា ជាទីដែលការវាយប្រហារធ្វើឡើង បានប្រឈមនឹងការបះបោរបង្កឡើងដោយសារក្រុមឧទ្ទាម Boko Haram និងក្រុមរដ្ឋអ៊ិស្លាម អស់រយៈពេល ១៧ឆ្នាំមកហើយ ។ មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ ហើយមនុស្សជាង ២លានាក់ បានជម្លៀសខ្លួន ៕
