មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយានដ្រូន បានបង្កឱ្យមានអគ្គិភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែងក្នុងប្រទេសអារ៉ាប់រួម ខណៈប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ពីការរស្ទាក់ចាប់យានដ្រូនចំនួនបីគ្រឿង ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ត្រូវតែមានចំណាត់ការឲ្យបានឆាប់រហ័ស បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ទំនងជានៅជាប់គាំង។

មន្ត្រីប្រទេសអារ៉ាប់រួម បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតប្រភពនៃការវាយប្រហារ ហើយអារ៉ាប់រួមមានសិទ្ធិពេញលេញក្នុងការឆ្លើយតបទៅនឹង «ការវាយប្រហារភេរវកម្ម» បែបនេះ។ ទីប្រឹក្សាផ្នែកការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម បាននិយាយថា វាបង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់ មិនថាធ្វើឡើងដោយ «អ្នកប្រព្រឹត្តផ្ទាល់» ឬអ្នកតំណាងរបស់ខ្លួននោះទេ។

ក្រសួងការពារជាតិអារ៉ាប់រួម បាននិយាយថា យានដ្រូនពីរគ្រឿងផ្សេងទៀតត្រូវបាន «ស្ទាក់ចាប់ដោយជោគជ័យ» ហើយយានដ្រូនទាំងនោះ ត្រូវបានបាញ់ចេញពី «ព្រំដែនភាគខាងលិច»។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និយាយថា យានដ្រូនទាំងបីគ្រឿងដែលខ្លួនបានស្ទាក់ចាប់ បានចូលមកពីដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់ ហើយបានព្រមានថា ខ្លួននឹងចាត់វិធានការប្រតិបត្តិការចាំបាច់ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងណាមួយក្នុងការរំលោភលើដែនអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។
ខណៈអរិភាពក្នុងអំឡុងពេលជម្លោះអ៊ីរ៉ង់ភាគច្រើនត្រូវបានកាត់បន្ថយចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងខែមេសា យានដ្រូនត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ាក់ចូលទៅកាន់ប្រទេសឈូងសមុទ្រ រួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសគូវ៉ែត។