ពលរដ្ឋឃឺដរាប់ពាន់នាក់ នៅក្នុងខេត្ត Diyarbakir ភាគអាគ្នេយ៍របស់ប្រទេសទួរគី បានចេញធ្វើបាតុកកម្ម ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល ចាត់វិធានការធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងដំណើរការសន្តិភាព ជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ (PKK)។

មេដឹកនាំគណបក្សពលករឃឺដ (PKK) លោក Abdullah Ocalan បានអំពាវនាវឱ្យក្រុមនេះ ទម្លាក់អាវុធ និងរំសាយក្រុម កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានមើលឃើញថា ខ្វះចំណាត់ការបដិការពីទីក្រុងអង់ការ៉ា ទាក់ទងនឹងសិទ្ធិពលរដ្ឋឃឺដ និងឋានៈរបស់អ្នកប្រយុទ្ធគណបក្សពលករឃឺដ (PKK) បាននាំឱ្យមានភាពយឺតយ៉ាវនៃដំណើរការនេះ។

ពលរដ្ឋនៅខេត្ត Diyarbakir បាននិយាយក្នុងអំឡុងពេលដើរក្បួនបាតុកម្មថា «យើងអាចមើលឃើញថា រដ្ឋាភិបាលមិនបានចាត់វិធានការណាមួយទេ។ មនុស្សជាច្រើនកំពុងនិយាយអំពីរឿងនេះ ហើយបានប្រមូលផ្តុំគ្នានៅទីលានសាធារណៈដើម្បីស្នើសុំដំណោះស្រាយ»។
ប្រធានាធិបតីទួរគី លោក Tayyip Erdogan និយាយថា ដំណើរការសន្តិភាពនឹងបន្ត។ ប៉ុន្តែអ្នកពាក់ព័ន្ធមួយចំនួន មានការខកចិត្តដែលពុំមានជំហាននីតិបញ្ញត្តិណាមួយត្រូវបានធ្វើឡើងរយៈពេលបីខែបន្ទាប់ពីគណៈកម្មការសភា បានជំរុញឱ្យមានកំណែទម្រង់។
ទីក្រុងអង់ការ៉ា និយាយថាគណបក្សពលករឃឺដ (PKK) ត្រូវតែរំសាយអាវុធទាំងស្រុងជាមុនសិន ប៉ុន្តែលោកស្រី Gulistan Kilic Kocyigit សមាជិកសភាគណបក្ស DEM ដែលគាំទ្រក្រុមឃឺដ បាននិយាយថា ការទាមទារនេះមិនប្រាកដនិយមទេ ហើយវាមិនបានផ្តល់ហេតុផលច្បាស់លាស់សម្រាប់ការពន្យារពេលកំណែទម្រង់ប្រជាធិបតេយ្យ ឡើយ។