ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល តែងតែស្វែងរកការបង្វែររដ្ឋមូស្លីមឲ្យប្រឆាំងនឹងគ្នាទៅវិញទៅមក តាមរយៈការបង្កើតការបែកបាក់ និងការមិនទុកចិត្តក្នុងចំណោមពួកគេ។

ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ដែលកំពុងបំពេញទស្សនកិច្ច លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់ស្វែងរក «ទំនាក់ទំនងស្និទ្ធស្នាល និងយូរអង្វែង ដោយផ្អែកលើភាពជាអ្នកជិតខាងល្អ» ជាមួយរដ្ឋមូស្លីម នៅក្នុងតំបន់អាស៊ីខាងលិច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី។

លោកបានថ្លែងថា គោលនយោបាយគោលការណ៍របស់អ៊ីរ៉ង់ គឺផ្អែកលើការពង្រីកចំណងមិត្តភាពជាមួយរដ្ឋជិតខាង និងតំបន់ ដោយជំរុញឲ្យប្រទេសធំៗនៃពិភពមូស្លីម ជួយបង្កើតសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនង។
លោក Pezeshkian បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការបង្កើត និងពង្រឹងបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងនយោបាយបែបនេះ នឹងជួយពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
លោកបានថ្កោលទោសចំពោះ «ការឈ្លានពាន» របស់យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និង «ឧក្រិដ្ឋកម្មធំៗ»ដែលបានប្រព្រឹត្តអំឡុងពេលវាយប្រហាររបស់ពួកគេ។
ចំណែកលោក Naqvi វិញ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ដើម្បីជួយបញ្ចប់ជម្លោះ និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ខណៈពេលដែលបានសង្កត់ធ្ងន់លើទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនដ៏ជ្រាលជ្រៅរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់៕