លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលជិតឈានដល់ការបញ្ចប់គោលដៅសំខាន់មួយនៃសង្គ្រាមនៅតំបន់ហ្កាហ្សា គឺការសម្លាប់អ្នកដែលទទួលខុសត្រូវទាំងអស់ចំពោះការរៀបចំការវាយប្រហារថ្ងៃទី ០៧ ខែតុលា។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង បន្ទាប់ពីការប្រកាសរបស់យោធាអ៊ីស្រាអែលថា លោក Ezzedine Al-Haddad មេបញ្ជាការនៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ។

បន្ទាប់ពីការវាយប្រហារថ្ងៃទី ០៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងកំណត់គោលដៅ និងកម្ទេចមេក្លោងនៅពីក្រោយការវាយប្រហារនោះ ដែលយោងតាមបច្ចុប្បន្នភាពរបស់សារព័ត៌មាន AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១.២២១នាក់ ស្លាប់។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា៖«ខ្ញុំបានសន្យាថា មេក្លោងទាំងអស់នៃការសម្លាប់រង្គាលនោះ និងការចាប់ចំណាប់ខ្មាំង នឹងត្រូវកម្ចាត់ចោលរហូតដល់ចុងក្រោយ ហើយយើងជិតបញ្ចប់បេសកកម្មនេះហើយ» ដោយពណ៌នាអំពីលោក Haddad ថា ជា «ភេរវករដ៏គួរឲ្យស្អប់ខ្ពើម»។
ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាសមក យោធាអ៊ីស្រាអែល និងសេវាស៊ើបការណ៍សម្ងាត់ បានធ្វើយុទ្ធនាការមួយដែលកំណត់គោលដៅលើមេដឹកនាំនយោបាយជាន់ខ្ពស់ និងមេបញ្ជាការសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា និងនៅទូទាំងតំបន់នេះ៕