វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទ ១៨ឧសភា សប្ដាហ៍នេះ ថាការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលថារុស្ស៊ីកំពុងពិចារណាវាយប្រហារប្រទេសសមាជិករបស់អង្គការណាតូពីប្រទេសបេឡារុស មិនសមនឹងទទួលបានការឆ្លើយតបពីរុស្ស៊ីទេ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Zelenskyy បាននិយាយថា រុស្ស៊ីកំពុងព្យាយាមទាញបេឡារុសចូលកាន់តែជ្រៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកំពុងថ្លឹងថ្លែងផែនការវាយប្រហារភាគខាងជើងអ៊ុយក្រែន ឬប្រទេសមួយជាសមាជិករបស់ណាតូពីទឹកដីបេឡារុស។

បេឡារុសមានព្រំប្រទល់ជាប់អ៊ុយក្រែននៅភាគខាងត្បូង និងសមាជិកណាតូគឺ ប៉ូឡូញ លីទុយអានី និងឡាតវី នៅភាគខាងជើង និងខាងលិច។ ប្រទេសនេះបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងបើកការវាយកលុកអ៊ុយក្រែននៅឆ្នាំ២០២២ និងជាទីតាំងស្តុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។
នៅពេលសួរអំពីការចោទប្រកាន់របស់មេដឹកនាំអ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា "សេចក្តីថ្លែងការណ៍បែបនេះ គ្មានអ្វីក្រៅពីការប៉ុនប៉ងញុះញង់បន្ថែមទៀតក្នុងគោលបំណងអូសបន្លាយសង្គ្រាម និងបង្កើនភាពតានតឹងនោះទេ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកមិនគិតថាសេចក្តីថ្លែងការណ៍បែបនេះសមនឹងទទួលបានការឆ្លើយតបណាមួយទេ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រសួងការពារជាតិបេឡារុសបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន សហការជាមួយរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធមួយដើម្បីសាកល្បងការត្រៀមខ្លួនរបស់យោធាក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។ ក្រសួងនេះបាននិយាយថា នេះមិនមានគោលបំណងប្រឆាំងនឹងរដ្ឋណាមួយទេ ហើយក៏មិនបង្កការគំរាមកំហែងសន្តិសុខនៅក្នុងតំបន់នោះដែរ៕

