លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយក្នុងសុន្ទរកថាវីដេអូមួយមុនពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ផ្តើមនៅថ្ងៃអង្គារ ១៩ឧសភា នេះថា រុស្ស៊ី និងចិន ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន រួមទាំងឯកភាពជាតិ និងការការពារអធិបតេយ្យភាពជាដើម។

លោក Putin បានថ្លែង ខណៈលោកត្រៀមជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅថ្ងៃពុធស្អែកនេះ ថាទំនាក់ទំនងរវាងរុស្ស៊ី និងចិន បានឈានដល់កម្រិត «មិនធ្លាប់មាន» នៃការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

មេដឹកនាំរុស្ស៊ីរូបនេះ បានបន្តថា ប្រទេសទាំងពីរ ត្រៀមខ្លួនជាស្រេចដើម្បីសហការលើគោលការណ៍ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងផ្អែកលើសមភាព និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ រួមទាំងការការពារអធិបតេយ្យភាព និងឯកភាពជាតិ។ យ៉ាងណាលោកពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
លោកថា រុស្ស៊ី និងចិន កំពុងពង្រីកទំនាក់ទំនងយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងការពារជាតិ ដោយបន្ថែមថា ការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនិងជាយុទ្ធសាស្ត្រ រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កំពុងដើរតួនាទីធ្វើឱ្យមានស្ថិរភាព ក្នុងទំនាក់ទំនងពិភពលោក។លោកបន្ថែមថា ពួកលោកមិនប្រឆាំងនឹងនរណាម្នាក់ទេ ផ្ទុយទៅវិញកំពុងធ្វើការដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាពជាសកល។
គួរឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសចិន បានកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ច និងជំនួបកំពូលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាមួយលោកXi កាលពីថ្ងៃទី១៤និង១៥ឧសភា ថ្មីៗនេះ ៕