ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស បានកើនឡើងវិញបន្តិចកាលពីសប្តាហ៍មុន ដោយបានវិលត្រឡប់មកកម្រិតស្របតាមមធ្យម ដែលបានកត់ត្រា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមជ្ឈិមបូព៌ា បន្ទាប់ពីបានឈានដល់កម្រិតទាបបំផុតអំឡុងពេលសង្គ្រាម។

យោងតាមទិន្នន័យពីក្រុមហ៊ុនតាមដានសមុទ្រ Kpler គិតត្រឹមព្រឹកថ្ងៃចន្ទ នាវាដឹកទំនិញសរុបចំនួន ៥៥ គ្រឿង បានឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្ររវាងថ្ងៃទី ១១ និង ១៧ ខែឧសភា។
ទិន្នន័យនេះ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងពីសប្តាហ៍មុន នៅពេលដែលនាវាត្រឹមតែ ១៩គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ ដែលជាតួលេខប្រចាំសប្តាហ៍ទាបបំផុត ចាប់តាំងពីការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលនាំឲ្យមានការរំខានយ៉ាងទូលំទូលាយដល់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ឆ្មាំបដិវត្តន៍កំពុងអនុញ្ញាតឲ្យនាវាជាច្រើនទៀតឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖«នាវាជាង ៣០គ្រឿង» ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់៕