សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានដកអង្គភាពរដ្ឋាភិបាលស៊ីរីចំនួន ៧ រួមទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចេញពីបញ្ជីទណ្ឌកម្ម។
ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា វិធានការនេះ នឹង «គាំទ្រដល់ការពង្រឹងការចូលរួមរបស់សហភាពអឺរ៉ុបជាមួយប្រទេសស៊ីរី»។

ក្រុមប្រឹក្សានេះក៏បាននិយាយផងដែរថា ខ្លួនកំពុងពង្រីកទណ្ឌកម្មដែលផ្តោតលើបុគ្គល និងអង្គភាពដែលមានទំនាក់ទំនងជាមួយអតីតរបបលោក បាសា អាល់អាសាដ រហូតដល់ខែមិថុនា ឆ្នាំ ២០២៧។
សហភាពអឺរ៉ុបបានដាក់ចេញវិធានការទាំងនេះជាលើកដំបូង ក្នុងឆ្នាំ ២០១១ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបយ៉ាងឃោរឃៅរបស់លោក អាសាដ លើប្រជាជនស៊ីវិលអំឡុងពេលនៃការតវ៉ានៅនិទាឃរដូវអារ៉ាប់ ដែលបានបង្កឲ្យមានសង្គ្រាមស៊ីវិលរយៈពេល ១៤ឆ្នាំ។

របបរបស់លោក អាសាដ ត្រូវបានផ្តួលរំលំ នៅចុងឆ្នាំ ២០២៤ ហើយរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmad Al-Sharaa ដែលជាមេដឹកនាំនៃសម្ព័ន្ធភាពយោធាបានបណ្តេញលោកចេញពីអំណាច បានឡើងកាន់តំណែង៕