ការចំណាយរបស់សហរដ្ឋអាមេរិកលើប្រតិបត្តិការយោធានៅអ៊ីរ៉ង់ បានលើសពី ៨៥ ពាន់លានដុល្លារ ក្នុងអរិភាពរយៈពេល ៧៩ថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ Iran War Cost Tracker។

កម្មវិធីតាមដានពេលវេលាជាក់ស្តែងរបស់គេហទំព័រនេះ គឺផ្អែកលើបច្ចុប្បន្នភាពរបស់មន្ទីរបញ្ចកោណសម្រាប់សភាអាមេរិកនៅថ្ងៃទី ១០ ខែមីនា ក្នុងអំឡុងពេលនោះ មន្ត្រីបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ ១១,៣ ពាន់លានដុល្លារ អំឡុងពេល ៦ ថ្ងៃដំបូងនៃប្រតិបត្តិការយោធា នៅមជ្ឈិមបូព៌ា ហើយមានគម្រោងបន្តចំណាយបន្ថែម ១ ពាន់លានដុល្លារសម្រាប់ថ្ងៃនីមួយៗនៃជម្លោះនេះ។

យោងតាមប្រភព ចំនួនទឹកប្រាក់សរុបដែលបានចំណាយគឺខ្ពស់ជាងការប៉ាន់ស្មានជិតបីដងដែលបានលើកឡើងពីមុនដោយលោក Jules Hurst ឧបការីរដ្ឋមន្ត្រីស្តីទីនៃកងទ័ពអាមេរិកសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងអំឡុងពេលសវនាការនៅចំពោះមុខគណៈកម្មាធិការបែងចែកនិងគ្រប់គ្រងថវិកាសភា លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ប្រហែល ២៩ ពាន់លានដុល្លារទៅលើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ជាមួយសាធារណរដ្ឋឥស្លាម។ យោងតាមទីក្រុងតេអេរ៉ង់ ជនជាតិអ៊ីរ៉ង់ចំនួន ៣.៣៧៥ នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ៤០ ថ្ងៃនៃសង្គ្រាមនេះ ដែលជាលទ្ធផលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល៕