ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយកាលពីថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) ថា វិធានការយោធាណាមួយរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា នឹងនាំឲ្យមាន «ការបង្ហូរឈាម» ដោយផលវិបាកមិនអាចគណនាបានឡើយ សម្រាប់ការប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។
លោក Diaz-Canel បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គម X ថា «ប្រទេសគុយបាមិនមែនជាកន្លែងតំណាងឲ្យការគំរាមកំហែងឡើយ»។
ការលើកឡើងនេះទាំងនេះកើតឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន Axios ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ព័ត៌មានសម្ងាត់ ដែលបានបញ្ជាក់ថា គុយបាទទួលបានយានដ្រូនយោធាជាង ៣០០គ្រឿង ហើយបានពិភាក្សាអំពីផែនការប្រើប្រាស់វា ដើម្បីវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅឈូងសមុទ្រ Guantanamo នាវាយោធាអាមេរិក និងទីក្រុង Key West រដ្ឋ Florida។ គុយបាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងប្រឌិតករណី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអន្តរាគមន៍យោធាដែលអាចកើតមាន។

ដោយឡែកនៅតាមដងផ្លូវនៃទីក្រុងឡាហាវ៉ានវិញ ប្រជាជនមួយចំនួនបាននិយាយថា ពួកគេនឹងទប់ទល់នឹងការវាយប្រហារណាមួយ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់កោះនេះក៏ដោយ។
គួរបញ្ជាក់ថា គុយបា ដែលជាសត្រូវលទ្ធិកុម្មុយនីស្តរបស់ទីក្រុងវ៉ាស៊ីនតោនអស់ជាច្រើនជំនាន់មកហើយនោះ បានស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើងៗ ចាប់តាំងពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តរបស់កោះនេះ កាលពីខែមករា។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រេងឥន្ធនៈបានអស់ ហើយអគ្គិសនីជារឿយៗ អាចមានប្រើប្រាស់ត្រឹមតែ ១ម៉ោង ឬ ២ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕

