រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយនៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះថា លោកត្រូវបានជូនដំណឹង អំពីដីកាចាប់ខ្លួនអន្តរជាតិ ដែលត្រូវបានចេញចំពោះរូបលោកដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ដូចដែលបានដកស្រង់ដោយសារព័ត៌មានចុះផ្សាយប្រចាំថ្ងៃ Yedioth Ahronoth លោក Smotrich បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យប់មិញខ្ញុំត្រូវបានជូនដំណឹងថា សំណើសុំដីកាចាប់ខ្លួនអន្តរជាតិសម្ងាត់មួយ ត្រូវបានចេញ ចំពោះរូបខ្ញុំ ដោយរដ្ឋអាជ្ញានៃតុលាការប្រឆាំងជនជាតិជ្វីហ្វនិយម នៅទីក្រុងឡាអេ (ប្រទេសហូឡង់)»។
លោក Smotrich បានពិពណ៌នាអំពីចំណាត់ការនេះថា ជាការប៉ុនប៉ង «ដើម្បីដាក់ចេញគោលនយោបាយសន្តិសុខអត្តឃាត លើពួកយើង តាមរយៈទណ្ឌកម្ម និងដីកាចាប់ខ្លួន»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ សារព័ត៌មាន Haaretz ដោយសំអាងដល់ប្រភពការទូតដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា រដ្ឋអាជ្ញាជាន់ខ្ពស់របស់ ICC បានស្នើសុំដីកាចាប់ខ្លួន សម្រាប់ «មន្ត្រីអ៊ីស្រាអែលមួយចំនួនដែលមិនត្រូវបានបញ្ជាក់ច្បាស់លាស់»។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ដីកាចាប់ខ្លួនទាំងនេះនឹងផ្តោតលើមន្ត្រីកងទ័ពអ៊ីស្រាអែល ៣រូប និងអ្នកនយោបាយ ២នាក់ ដោយបន្ថែមថា ពេលវេលានៃសំណើនេះនៅមិនទាន់ដឹងនៅឡើយទេ។
សម្រាប់លោក Smotrich លោកក៏បាននិយាយផងដែរថា លោកនឹងចុះហត្ថលេខា លើបទបញ្ជាបណ្តេញចេញ សម្រាប់ភូមិ Khan al-Ahmar ដែលជាភូមិសហគមន៍ Bedouin ប៉ាឡេស្ទីន នៅក្នុងតំបន់កាន់កាប់ West Bank បន្ទាប់ពីបានដឹងពីសំណើដីកាចាប់ខ្លួននេះ៕