ក្រុមអាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបន្តនៅទូទាំងភាគខាងត្បូង និងកណ្តាលប្រទេសចិនកាលពីថ្ងៃអង្គារ១៩ ឧសភា សប្ដាហ៍នេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២១នាក់ ក្នុងទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលក៏បានបិទសាលារៀន និងអាជីវកម្ម ព្រមទាំងរំខានដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពល ផងដែរ។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិនបាននិយាយថា តំបន់នានានៃខេត្ត Jiangxi, Anhui, Hunan, Hubei, Guizhou, Guangxi, Guangdong និង Hainan ប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះមហន្តរាយទាក់ទងនឹងភ្លៀង រួមទាំងបំណាក់ដី ទឹកជំនន់ដ៏គំហុក។

ក្រុមអាជ្ញាធរបាននិយាយថា ពួកគេបានបែងចែកថវិកាចំនួន ១៥០ លានយ័ន ស្មើ ២២,០៤ លានដុល្លារ សម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងបានចាប់ផ្តើមការឆ្លើយតបបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាច្រើន។

យោងតាមរូបភាពដែលបានបង្ហោះនៅលើវេទិកាវីដេអូចិន Douyin នៅក្នុងទីក្រុង Jingzhou ដែលជាទីក្រុងមួយនៅភាគកណ្តាលខេត្ត Hubei បង្ហាញពីទឹកជន់លិចជម្រៅត្រឹមជង្គង់។ រថយន្តមួយចំនួនត្រូវបានលិចទឹកស្ទើរតែទាំងស្រុងនៅលើផ្លូវដែលហ៊ុព័ទ្ធដោយអគារលំនៅឋាន និងពាណិជ្ជកម្ម។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីរថយន្តភីកអាប់មួយគ្រឿងដែលដឹកកម្មករកសិដ្ឋាន ១៥ នាក់បានធ្លាក់ចូលក្នុងទន្លេពេញប្រៀបដោយទឹកជំនន់នៅតំបន់ Guangxi ភាគនិរតីប្រទេសចិន ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង ៕