ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping បានជួបគ្នានៅទីក្រុងប៉េកាំងនៅថ្ងៃពុធ២០ឧសភានេះ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅទស្សនកិច្ចប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំចិនស្របពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់ នៅតែមិនទាន់បញ្ចប់។
លោក Putin ត្រូវបានទទួលស្វាគមន៍ដោយពិធីស្វាគមន៍ជាផ្លូវការនៅខាងក្រៅសាលប្រជាជនចិន ជាកន្លែងដែលលោកប្រធានាធិបតី Xi បានស្វាគមន៍លោក មុនពេលមេដឹកនាំទាំងពីរអង្គុយពិភាក្សាគ្នាទល់មុខគ្នា។
ប្រធានបទដែលទំនងជានៅក្នុងរបៀបវារៈសម្រាប់កិច្ចពិភាក្សារបស់មេដឹកនាំទាំងពី រួមមាន ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម សង្គ្រាមអាមេរិក-អ៊ីរ៉ង់ កិច្ចសហប្រតិបត្តិការថាមពល និងជម្លោះអ៊ុយក្រែន។
លោក Putin ត្រូវបានអមដំណើរដោយគណៈប្រតិភូមួយក្រុម រួមមានឧបនាយករដ្ឋមន្ត្រីចំនួនប្រាំរូប រដ្ឋមន្ត្រីចំនួនប្រាំបីរូប និងនាយកប្រតិបត្តិធុរកិច្ចមួយចំនួនទៀត។
មេដឹកនាំទាំងពីរក៏ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងផ្សេងទៀតផងដែរ។
មេដឹកនាំកំពូលរុស្ស៊ីរូបនេះ នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅពេលបន្ទាប់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕