ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃពុធ ២០ឧសភា សប្ដាហ៍នេះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ «យុទ្ធសាស្ត្ររយៈពេលវែង» ជាមួយរុស្ស៊ី ដើម្បីជួយកសាងប្រព័ន្ធគ្រប់គ្រងសកលប្រកបដោយ «យុត្តិធម៌ និងសមធម៌ជាងមុន» ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោកនៅសាលប្រជាជានលោក Xi បានថ្លែងថា ស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្នមានភាពស្មុគស្មាញ និងពោពេញដោយអស្ថិរភាព ទន្ទឹមនឹងអនុត្តរភាពឯកតោភាគីកើនឡើង ប៉ុន្តែសន្តិភាព ការអភិវឌ្ឍន និងកិច្ចសហប្រតិបត្តិការនៅតែជាសេចក្ដីប្រាថ្នារបស់សកលលោក។
លោក Xi ក៏បានអំពាវនាវឱ្យមានការសម្របសម្រួលយុទ្ធសាស្ត្រទូលំទូលាយរវាងចិន និងរុស្ស៊ី ដែលមានគុណភាពខ្ពស់ជាងមុន ដើម្បីជំរុញការអភិវឌ្ឍប្រទេសទាំងពីរផដែរ។
លោកបាននិយាយថា ទំនាក់ទំនងចិន-រុស្ស៊ី បានពង្រឹងជាលំដាប់ តាមរយៈការកើនឡើងនៃទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការពង្រីកទំនាក់ទំនងនៅទូទាំងវិស័យផ្សេងៗ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរក្សាភាពស្មើភាពគ្នា និងយុត្តិធម៌អន្តរជាតិ។
លោក Putin បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិនកាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលដែលលោកបានធ្វើកិច្ចចរចាកំពូលជាមួយលោក Xi ៕

