យោងតាមទីភ្នាក់ងារសារព័ត៌មានYonhap បានឲ្យដឹងថា ក្រសួងការបរទេសនៅទីក្រុងសេអ៊ូល និយាយថា ក្រសួងកំពុងបន្ត «ការពិភាក្សាយ៉ាងជិតស្និទ្ធ និងហ្មត់ចត់» ជុំវិញការវាយប្រហារកាលពីពេលថ្មីៗនេះ លើនាវា HMM Namu ធ្វើប្រតិបត្តិការដោយប្រទេសកូរ៉េខាងត្បូងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃទី ៤ ខែឧសភា។ អ្នកនាំពាក្យលោក Park Il បានសន្យាថានឹងចាត់វិធានការនៅពេលដែលការស៊ើបអង្កេតលើឧបទ្ទវហេតុនេះបញ្ចប់។

ការស៊ើបអង្កេតជាផ្លូវការកាលពីពេលមុនបានកំណត់ថា វត្ថុឬគ្រាប់មិនស្គាល់អត្តសញ្ញាណពីរគ្រាប់បានហោះបុកនាវា HMM Namu បណ្តាលឱ្យផ្ទុះ និងមានអគ្គិភ័យ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yonhap។ ការវិភាគពីកម្ទេចកម្ទីដែលបានរកឃើញនៅនឹងកន្លែង កំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណគ្រាប់ ឬវត្ថុ និងអ្នកដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ។
លោក Park ត្រូវបានគេដកស្រង់សម្តីដែលនិយាយបានថា «ប្រសិនបើមានការរកឃើញបន្ថែម យើងនឹងបន្តការទំនាក់ទំនងចាំបាច់ និងចាត់វិធានការសមស្រប រួមទាំងការផ្តល់ការពន្យល់ដល់ភាគីអ៊ីរ៉ង់»។ លោកបាននិយាយបន្ថែមថា «អាទិភាពចម្បងរបស់យើងគឺធានាបានសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍របស់នាវា និងសមាជិកនាវិករបស់យើងនៅក្នុងតំបន់ ហើយយើងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតលើវិស័យជាច្រើន»។
