ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២០ឧសភានេះបានអះអាងថា ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul (រំដួល) ដែលកំពុងដាក់លក់នៅលើទីផ្សារកូរ៉េ គឺពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែ ពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើមថាជាទំនិញរបស់កម្ពុជា នៅលើផលិតផលថៃ។
ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ ស្ថានឯកអគ្គរាជទូត បានចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ដើម្បីស្រាវជ្រាវ និងបានទៅដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ។ ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ អំពាវនាវដល់អ្នកលក់ និងអ្នកចែកចាយទំនិញនានា សូមជៀសវាងការក្លែងបន្លំប្រភពដើមនៃទំនិញ ជាពិសេសការបន្លំថាជាផលិតផលរបស់កម្ពុជា ដែលអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។ ក្នុងករណីបងប្អូនមានមន្ទិលសង្ស័យ ឬជួបប្រទះការក្លែងបន្លំប្រភពដើមនៃទំនិញថាជាផលិតផលរបស់កម្ពុជា បងប្អូនអាចរាយការណ៍មកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈហ្វេសប៊ុកផ្លូវការបស់ស្ថានទូត ឬលេខទូរស័ព្ទ ០១០ ៧៥៥៨ ៨៦៦៥ ដោយភ្ជាប់រូបភាពអាសយដ្ឋានហាងលក់ទំនិញ និងលេខទូរស័ព្ទហាងលក់ទំនិញ ដើម្បីស្ថានឯកអគ្គរាជទូតមានវិធានការបន្ត។
ពាក់ព័ន្ធករណីនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ជូនសាធារណជនថា ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦តោន៕

