ប្រជាជនប្រេស៊ីលនៅទីក្រុង Rio de Janeiro មិនបានបង្ហាញភាពរំភើបខ្លាំងនោះទេ ទាក់ទងនឹងការកោះហៅខ្សែប្រយុទ្ធ Neymar ចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ខណៈក្រុមជើងឯកពិភពលោក ៥ សម័យមួយនេះ កំពុងស្វែងរកពានទី៦ ក្នុងប្រវត្តិសាស្ត្រ។
គ្រូបង្វឹកថ្មី Carlo Ancelotti បានប្រកាសបញ្ជីកីឡាករកាលពីថ្ងៃចន្ទ ដោយដាក់ឈ្មោះ Neymar ចូលក្នុងក្រុម ដែលផ្តល់ឱកាសឱ្យតារាវ័យ ៣៤ ឆ្នាំរូបនេះ វិលត្រឡប់មកកាន់ឆាកបាល់ទាត់ពិភពលោកជាថ្មី បន្ទាប់ពីជួបបញ្ហារបួសជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
Neymar ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីលសរុប ៧៩ គ្រាប់ មិនបានបង្ហាញខ្លួនឱ្យជម្រើសជាតិតាំងពីឆ្នាំ ២០២៣ មក។ រូបគេបានខកខានការប្រកួតជម្រុះ World Cup ជាច្រើន ដោយសាររបួសអំឡុងពេលលេងឱ្យ Al Hilal។
ក្រោយចាកចេញពីអារ៉ាប៊ីសាអូឌីត Neymar បានវិលត្រឡប់ទៅកាន់ក្លិបដើម Santos កាលពីឆ្នាំមុន ប៉ុន្តែទម្រង់លេងរបស់គេមិនសូវទទួលបានការចាប់អារម្មណ៍ឡើយ។
សម្រាប់ការប្រកួត World Cup ឆ្នាំ ២០២៦ ប្រេស៊ីលនឹងបើកយុទ្ធនាការរបស់ពួកគេទល់នឹងម៉ារ៉ុកនៅថ្ងៃទី ១៣ ខែមិថុនា នៅរដ្ឋ New Jersey ក្នុងពូល C មុនពេលជួបហៃទី និង ស្កុតឡេន៕ អត្ថបទ៖នាង សុភាវុធ
