គំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាសន្តិភាពដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ក្រុមហាម៉ាស គឺជាឧបសគ្គចម្បង ក្នុងការឈានទៅដល់ដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ នៅក្នុងការរកឃើញរបស់ខ្លួន ក្រុមដែលត្រូវបានង្កើតឡើងដោយលោក Trump កាលពីខែមករា ដើម្បីពិនិត្យការបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការកសាងឡើងវិញក្រោយសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសដ៏បង្ហូរឈាម បានរិះគន់ការរំលោភបំពានដដែលៗលើបទឈប់បាញ់។

ច្បាប់ថតចម្លងនៃរបាយការណ៍ដែលត្រូវបានមើលឃើញដោយសារព័ត៌មាន AFP និយាយថា «នៅដំណាក់កាលនេះ ឧបសគ្គចម្បងចំពោះការអនុវត្តពេញលេញនៅតែជាការបដិសេធរបស់ក្រុមហាម៉ាស ក្នុងការមិនទទួលយកការរំសាយក្រុម លះបង់ការគ្រប់គ្រងដោយបង្ខំ និងអនុញ្ញាតឱ្យមានការផ្ទេររដ្ឋបាលពិតប្រាកដនៅតំបន់ហ្កាហ្សា»។ លោក Nickolay Mladenov អ្នកតំណាងជាន់ខ្ពស់របស់ក្រុមប្រឹក្សាសម្រាប់តំបន់ហ្កាហ្សានឹងបង្ហាញរបាយការណ៍នេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍ និយាយថា «ស្ថាប័ន ធនធាន និងផែនការ មានរួចរាល់ដើម្បីមានចំណាត់ការបន្ទាប់»។

ទោះបីជាមានបទឈប់បាញ់ កាលពីខែតុលាក៏ដោយ តំបន់ហ្កាហ្សានៅតែរងផលប៉ះពាល់ដោយអំពើហិង្សារាល់ថ្ងៃ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត ដោយទាំងយោធា និងក្រុមហាម៉ាស ចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភលើបទឈប់បាញ់។ សម្រាប់បទឈប់បាញ់ «ការរំលោភបំពាននៅតែបន្តកើតឡើងស្ទើរតែរាល់ថ្ងៃ ដែលមួយចំនួនមានសភាពធ្ងន់ធ្ងរ មានផលវិបាកសម្រាប់មនុស្ស ហើយជនស៊ីវិលត្រូវបានសម្លាប់ គ្រួសារជាច្រើនរស់នៅក្នុងភាពភ័យខ្លាច និងមានឧបសគ្គជាបន្តបន្ទាប់ចំពោះដំណើរការចូលផ្នែកមនុស្សធម៌ដែលមិនអាចកាត់បន្ថយបានឡើយ»។