អ្នកនាំពាក្យចិនដីគោកកាលពីថ្ងៃពុធ ២០ ឧសភា សប្ដាហ៍នេះ បានរិះគន់មេដឹកនាំតៃវ៉ាន់លោក Lai Ching-te ចំពោះការអត្ថាធិប្បាយចុងក្រោយរបស់លោកលើទំនាក់ទំនងឆ្លងច្រកសមុទ្រ ដោយចោទប្រកាន់លោកថាបានលើកកម្ពស់ការបំបែកខ្លួន និងបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា កោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ នឹងមិនបោះបង់ចោលសិទ្ធិសេរីភាពរបស់ខ្លួនឡើយ ហើយមានតែប្រជាជន២៣លាននាក់របស់ខ្លួនប៉ុណ្ណោះដែលអាចសម្រេចជោគវាសនារបស់កោះនេះនាឱកាសខួប២ឆ្នាំនៃការកាន់តំណែងជាមេដឹកនាំកោះនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចកាកោះរតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន បាននិយាយថា សុន្ទរកថារបស់លោក Lai ដែលប្រារព្ធខួបពីរឆ្នាំនៃការកាន់តំណែងរបស់លោក គឺ «ពោរពេញដោយការភូតកុហក និងការបោកប្រាស់ អរិភាព និងការប្រឈមដាក់គ្នា»។
លោក Chen បានចោទប្រកាន់លោក Lai ថាបានប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវជំហរផ្ដាច់ខ្លួនក្នុងការស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» ខណៈកំពុងបំផ្លើសអ្វីដែលហៅថាការគំរាមកំហែងពីចិនដីគោក និងបង្កើនការប្រឈមដាក់គ្នានៅទូទាំងច្រកសមុទ្រ។

លោកបាននិយាយថា លោក Lai បានលេងល្បិចចាស់មួយដោយដៃម្ខាងចាប់យករបៀបវារៈតស៊ូមតិបំបែកខ្លួន និងអំពាវនាវឱ្យមានការសន្ទនា និងការផ្លាស់ប្តូរដោយមិនស្មោះត្រង់ជាមួយចិនដីគោក ហើយដៃម្ខាងទៀត ព្យាយាមបំភាន់មនុស្សនៅតំបន់តៃវ៉ាន់ និងបោកបញ្ឆោតសហគមន៍អន្តរជាតិ។
ដោយបញ្ជាក់ជាថ្មីអំពីជំហររបស់ចិនដីគោកលើបញ្ហាកោះតៃវ៉ាន់ លោក Chen បាននិយាយថា តៃវ៉ាន់មិនដែលជាប្រទេសមួយទេ មិនមែនជាប្រទេសមួយនៅពេលនេះទេ ហើយនឹងមិនដែលក្លាយជាប្រទេសមួយនាពេលអនាគតឡើយ។លោកបានហៅបញ្ហាតៃវ៉ាន់ថាជាបញ្ហាប្រវត្តិសាស្ត្រដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលចិន ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០។
លោកថា គ្មានលទ្ធផលនៃការបោះឆ្នោតណាមួយនៅតៃវ៉ាន់អាចផ្លាស់ប្តូរការពិតដែលថាកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ឬកាត់ផ្តាច់ចំណងប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដែលភ្ជាប់ភាគីទាំងពីរនៃច្រកសមុទ្រនោះទេ៕