អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនអាចចំណាយពេលរហូតដល់ប្រាំបួនខែ មុនពេលវ៉ាក់សាំងប្រឆាំងជំងឺអេបូឡា (Ebola) ជាក់លាក់នេះរួចរាល់។

លោកវេជ្ជបណ្ឌិត Vasee Moorthy ទីប្រឹក្សារបស់ WHO បាននិយាយកាលពីថ្ងៃពុធ ២០ឧសភា សប្ដាហ៍នេះថាប្រភេទវ៉ាក់សាំងចំនួនពីរប្រឆាំងនឹងវីរុសប្រភេទ Bundibugyo កំពុងត្រូវបានបង្កើតឡើង ប៉ុន្តែទាំងពីរនោះ មិនទាន់បានឆ្លងកាត់ការសាកល្បងព្យាបាលនៅឡើយទេ។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រមុខ WHO បាននិយាយថា មានករណីសង្ស័យថាមានជំងឺអេបូឡាចំនួន ៦០០ ករណី និងករណីសង្ស័យថាស្លាប់ដោយសារជំងឺនេះឡើងដល់១៣៩នាក់ ត្រូវបានរាយការណ៍ទូទាំងពិភពលោក ប៉ុន្តែចំនួននេះត្រូវគេរំពឹងថានឹងកើនឡើង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកបាននិយាយថា ករណីឆ្លងចំនួន ៥១ នាក់ត្រូវបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលករណីឆ្លងដំបូងត្រូវបានរាយការណ៍ និងពីរករណីនៅក្នុងប្រទេសជិតខាងអ៊ូហ្គង់ដា។
កាលពីថ្ងៃអាទិត្យ WHO បានប្រកាសគ្រាអាសន្នសុខភាពសាធារណៈជាកង្វល់អន្តរជាតិ ប៉ុន្តែបាននិយាយថាជំងឺនេះ មិនមែនស្ថិតនៅកម្រិតរាតត្បាតទេ។
លោក Tedros និយាយថា បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ គណៈកម្មាធិការសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកមួយនេះបានយល់ស្របថា ស្ថានភាពនេះ "មិនមែនជាគ្រាអាសន្ននៃជំងឺរាតត្បាតទេ។លោកបានពន្យល់ថា អង្គការសុខភាពពិភពលោក វាយតម្លៃហានិភ័យនៃជំងឺរាតត្បាតនេះ ថាខ្ពស់នៅកម្រិតជាតិ និងតំបន់ និងទាបនៅកម្រិតសកល។ យ៉ាងណាក៏ដោយ អង្គការនេះ កាលពីថ្ងៃអង្គារ ១៩ ខែឧសភា សប្ដាហ៍នេះ បានសម្តែងការព្រួយបារម្ភអំពី «ទំហំ និងល្បឿន» នៃការផ្ទុះឡើងជំងឺអេបូឡា ដែលបានសម្លាប់មនុស្សជាង១០០នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយបានព្រមានថាការឆ្លងរាលដាលនេះអាចនឹងអូសបន្លាយពេលយូរ។


