តម្លៃប្រេងបានងើបឡើងវិញនៅថ្ងៃព្រហស្បតិ៍ ២១ ឧសភា សប្ដាហ៍នេះ បន្ទាប់ពីមានការខាតបង់ពីរថ្ងៃ ដោយសារក្តីបារម្ភពីការផ្គត់ផ្គង់ព្រោះតែទស្សនវិស័យមិនច្បាស់លាស់សម្រាប់ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ។

តម្លៃប្រេងឆៅ Brent បានកើនឡើង ៨១ សេន ឬ ០,៧៧% ដល់ ១០៥,៨៣ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០០:៥៥នាទីម៉ោងសកល ហើយតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង ៩៧ សេន ឬ ០,៩៩% ដល់ ៩៩,២៣ ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃគោលទាំងពីរបានធ្លាក់ចុះជាង៥,៦%កាលពីថ្ងៃពុធក្រោយប្រធានាធិបតីអាមេរិកDonald Trump និយាយថា ការចរចាជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ប៉ុន្តែលោកក៏បានគំរាមវាយប្រហារបន្ថែមទៀតដែរ ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព។
អ៊ីរ៉ង់បានព្រមានប្រឆាំងនឹងការវាយប្រហារបន្ថែមទៀត និងបានប្រកាសពីជំហាននានាក្នុងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកដ៏សំខាន់មួយនៃច្រកសមុទ្រ Hormuz ដែលមុនសង្គ្រាមបានដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវស្មើនឹងប្រហែល២០% នៃការប្រើប្រាស់ទូទាំងពិភពលោក។
តម្លៃភាគហ៊ុនអាស៊ីបានកើនឡើងនៅថ្ងៃព្រហស្បតិ៍ ២១ឧសភានេះ ខណៈនាវាមួយចំនួនបានបន្តឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈលទ្ធផលដែលលើសពីការព្យាករណ៍នៅក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និងការធ្វើកូដកម្មរបស់បុគ្គលិកដោយសារការផ្អាកការងារ នៅក្រុមហ៊ុន Samsung Electronics បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកើនឡើង។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានកើនឡើង ២,៦% ដោយបញ្ចប់ការខាតបង់រយៈពេលបួនថ្ងៃជាប់ៗគ្នា។ ភាគហ៊ុនក្រុមហុន Kospi របស់កូរ៉េខាងត្បូង បានកើនឡើងជាង ៧% ភាគហ៊ុនតៃវ៉ាន់បានកើនឡើង៣,៥ %និងក្រុមហ៊ុន blue-chips របស់ចិនបានកើនឡើង១,១%។ចំណែកភាគហ៊ុនក្រុមហ៊ុន Wall Street និង S&P 500 របស់អាមេរិកបានកើនឡើង១,១១%ខណៈភាគហ៊ុន Nasdaq Composite បានងើបឡើង១,៥% ក្រោយធ្លាក់ចុះរយៈពេល៣ថ្ងៃ៕

