ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវិធីសម្ពោធអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ ការប្រមូលចំណូលពន្ធដារ បានកើនឡើងជិត៤ដង ពីប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ ដល់ ៣ ៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាប្រឈមនឹងសត្រូវឈ្លានពាន វិបត្តិប្រេង និងវិបត្តិសកលក្ដី។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀត ជាក់ស្ដែងចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបាននូវសមិទ្ធផលចម្បងជាច្រើន ជាអាទិ៍ ការធ្វើទំនើបកម្មកម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើន តាមរយៈការធ្វើសមាហរណកម្ម និងសន្ធានកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានពេញលេញជា ប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកាន់តែ ប្រសើរជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការវិភាគមុខងារ អង្គភាពក្រោមឱវាទ, ការកែសម្រួលរចនាសម្ព័ន្ធការងារក្នុងករណីចាំបាច់, ការពង្រីក ចំណេះដឹង និងការជំរុញអនុវត្តនូវក្រមប្រតិបត្តិវិជ្ជាជីវៈរបស់មន្ត្រី។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រោមដំបូល នៃសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាបានសម្រេចនូវការអភិវឌ្ឍ និងបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសាធារណៈ។ កត្តាទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់លទ្ធភាពឱ្យមានការរីកចម្រើននៃវិស័យពន្ធដារ និងភាពជោគជ័យនៃការប្រមូលចំណូលបើទោះបីជាការប្រមូល គឺក្នុងក្របខណ្ឌ “មិនបង្កើតប្រភេទពន្ធថ្មី និងមិនដំឡើងអត្រាពន្ធ និងអាករ” ក៏ដោយ។
បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើររាជរដ្ឋាភិបាលមានលទ្ធភាពសន្សំនូវថវិកាដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់។
សូមបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាព និងការប្រមូលចំណូលប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់កម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពជូនដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ។ល។ និងក្នុងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ទន្ទឹមនឹងការបង្កើន ប្រាក់សោធនប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនផងដែរ៕ អត្ថបទ៖ ធូ វិរៈ












