ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់សភានិងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសរុស្ស៊ី លោក Leonid Slutsky បាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ចង់ប្រែក្លាយប្រទេសបាល់ទិកទៅជាមូលដ្ឋានភេរវករប្រឆាំងទីក្រុងមូស្គូ។

សមាជិកសភារូបនេះ បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គម Max របស់លោកថា៖«ប្រធានគណៈកម្មការអឺរ៉ុបបានបង្ហាញចេតនារបស់លោកក្នុងការពង្រឹងភាគខាងកើត។ នេះមានន័យថា ការកើនឡើងនៃការចំណាយយោធា និងការធ្វើយោធាភាវូបនីយកម្មអឺរ៉ុបកាន់តែលឿន និងការបង្កើតមូលដ្ឋានភេរវករប្រឆាំងរុស្ស៊ីនៅលើទឹកដីនៃបណ្តាប្រទេសបាល់ទិក»។

លោកបានបន្តថា គណៈកម្មការអឺរ៉ុបមិនអើពើនឹងការពិតដែលថា យានដ្រូនដែលត្រូវបានរកឃើញនៅក្នុងប្រទេសបាល់ទិក គឺមកពីអ៊ុយក្រែន។ លោកបានលើកឡើងថា ការរៀបចំយោធានៅក្នុងតំបន់នេះ អាចកើនឡើងឈានដល់សង្គ្រាមលោកលើកទី៣។
នាពេលថ្មីៗនេះ ការិយាល័យសារព័ត៌មាននៃសេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី (SVR) បានរាយការណ៍ថា ទីក្រុងគីវបានបញ្ចុះបញ្ចូលទីក្រុងរីហ្គា(Riga)នៃប្រទេសឡាតវីឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការយានដ្រូនប្រឆាំងនឹងរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកស្រី von der Leyen បានពិពណ៌នាអំពីសេចក្តីថ្លែងការណ៍នេះថា «មិនអាចទទួលយកបានទាំងស្រុង» និង «ជាការគំរាមកំហែងប្រឆាំងនឹងសហភាពទាំងមូលរបស់យើង»៕