អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមការវាយប្រហារដ៏ធំជាថ្មី ដែលបានរង់ចាំឱកាសជាយូរមកនេះនៅក្នុងតំបន់ព្រំដែន Donbas ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានបង្កើនការវាយប្រហារនៅតាមខ្សែត្រៀមជួរមុខ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកាពេលយប់ជ្រៅ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានផ្ដោតសំខាន់លើការប្រមូលកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់នេះ ហើយលោកបានប្ដេជ្ញាថា ប្រទេសអ៊ុយក្រែននឹងការពារខ្លួនឲ្យបាន ទោះបីជារុស្ស៊ីបញ្ជូនកងទ័ពទៅកាន់តំបន់នោះច្រើនប៉ុណ្ណាក៏ដោយ។ លោកបានបន្ថែមថា យើងនឹងប្រយុទ្ធដល់ទីបញ្ចប់។ យើងនឹងមិនបោះបង់ចោលអ្វីដែលជារបស់អ៊ុយក្រែនជាដាច់ខាត។
គួររម្លឹកថា រុស្ស៊ីបានដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់មួយចំនួន នៅភាគកណ្ដាលប្រទេសអ៊ុយក្រែនកាលពីចុងខែមីនា បន្ទាប់ពីវាយយករដ្ឋធានី Kyiv មិនបានសម្រេច និងនិយាយថា ខ្លួននឹងផ្ដោតជាថ្មីលើតំបន់ Donbas ជាទីដែលរុស្ស៊ីបានអះអាងថា ខ្លួនកំពុងការពារពលរដ្ឋដែលនិយាយភាសារុស្ស៊ីនៅក្នុងជម្លោះរយៈពេល ៨ឆ្នាំរបស់ក្រុមផ្ដាច់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន