ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងពិនិត្យសំណើថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានពិពណ៌នាអំពីដំណើរការចរចាថា ស្ថិតនៅលើ «ខ្សែបន្ទាត់» រវាងការមានកិច្ចព្រមព្រៀង និងការវាយប្រហារថ្មី។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា ទីក្រុងតេអេរ៉ង់ «បានទទួលការបង្ហាញនូវទស្សនៈរបស់ភាគីអាមេរិក» ហើយកំពុងពិនិត្យមើលលក្ខខណ្ឌទាំងនោះ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងម្តងទៀត អំពីការទាមទាររបស់អ៊ីរ៉ង់ ក្នុងការឲ្យបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កក និងបញ្ចប់ការដាក់ឲ្យកំពង់ផែរបស់អ៊ីរ៉ង់ស្ថិតក្នុងការហ៊ុមព័ទ្ធដោយសហរដ្ឋអាមេរិក។
លោក Trump ដែលបាននិយាយនៅមុននេះថា ការចរចាស្ថិតនៅក្នុង «ដំណាក់កាលចុងក្រោយ» នោះ ក្រោយមកបានព្រមានថា ឱកាសសម្រាប់ការទូត អាចនឹងអស់យ៉ាងឆាប់រហ័ស។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានរួម Andrews ជិតទីក្រុងវ៉ាស៊ីនតោនថា «វាស្ថិតនៅលើខ្សែបន្ទាត់ហើយ ពោលគឺអាចមានកិច្ចព្រមព្រៀង ឬសង្គ្រាមថ្មី សូមជឿចុះ។ ប្រសិនបើយើងមិនទទួលបានចម្លើយដ៏ត្រឹមត្រូវទេនោះ វានឹងមានភាពតានតឹងយ៉ាងលឿនរហ័ស។ យើងទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយ»។
គួរបញ្ជាក់ថា បទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា បានបញ្ឈប់ការប្រយុទ្ធគ្នាដោយបើកចំហ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែសង្គ្រាមពាក្យសម្ដី បានជំនួសឲ្យការវាយប្រហារគ្នាទៅវិញទៅមក នៅសមរភូមិ។ លោក Trump បានគំរាមកំហែងម្តងហើយម្តងទៀត អំពីវិធានការយោធាថ្មី ខណៈដែលមន្ត្រីអ៊ីរ៉ង់ បានឆ្លើយតបជាមួយនឹងការព្រមានកាន់តែខ្លាំងឡើងៗរបស់ពួកគេ៕
