សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការឯកភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៦នាក់ លើប្រភេទកីឡាហែលទឹកពាក់ជើងទា ទៅចូលរួមការប្រកួត មានសមាសភាពចូលរួម ដូចជា លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី លឹម សុខគន្ធពណ៌ កីឡាករ លឹម សុខវារៈស័ក្កិ កីឡាករ លឹម នរវិទូ និងកីឡាករ ម៉េង សុភក្ត្រា ។
ការបញ្ជូនចូលរួមការប្រកួតខាងលើនេះ ជាផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ដើម្បីបង្កើនធនធានកីឡាករ-កីឡាការិនីវ័យក្មេង ព្រមទាំងឲ្យពួកគាត់ចូលរួមកម្រិតអន្តរជាតិឲ្យបានច្រើន ព្រោះការប្រកួតមានសារសំខាន់ណាស់សម្រាប់អត្តពលិក ក្នុងការ ទទួលបានបទពិសោធន៍ និងបំបែកគុណផលរបស់ខ្លួនផងដែរ ។
លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ក្នុងនាមសហព័ន្ធ លោកសង្ឃឹមថា ការប្រកួតលើកនេះពួកគាត់នឹងទទួលបានលទ្ធផលល្អប្រសើរ ព្រោះថាក្នុងនោះកីឡាការិនីខ្លះធ្លាប់ចូលរួមការប្រកួតអន្តរជាតិច្រើនលើច្រើនសារ ហើយក៏មានកីឡាករថ្មីចំនួន ៣ រូប ផងដែរ ។ លោករំពឹងថា កីឡាករថ្មីចំនួន ៣ រូបនឹងទទួលបានបទពិសោធន៍បច្ចេកទេស និងលទ្ធផលល្អ៕

